ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៧ គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិក

បច្ចុប្បន្ន, កម្ពុជាកំពុងប្រឈមនឹងការផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្មសកល និង ការផ្ទុះអាវុធនៅតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលបាន បំពាន ឈ្លានពាន និង រំលោភបូរណភាពទឹកដី ហើយមានផលជះមកលើការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច ព្រមទាំងការវិនិយោគ ដែលតាមនេះ អ្វីដែលគ្រប់តួអង្គទាំងអស់ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងធ្វើ គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដើម្បីកំណើន និង បង្កើតការងារ ។ នេះគឺជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារ ដែលបានថ្លែងបើកកិច្ចប្រជុំលើកទី ១៨ នាថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និង តំណាងរដ្ឋបាល ខេត្ត ដើម្បីពិភាក្សាលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ។ ឯកឧត្តមបណ្ឌិត-សភាចារ្យ មានប្រសាសន៍បន្ថែមថា ក្រុមការងារត្រូវប្រឹងប្រែងជំនះរាល់ឧបសគ្គនៅចំពោះមុខ ហើយត្រូវបន្តឱ្យបានជាប់លាប់​ ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លា និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយឈរលើឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការ ការគំាទ្រ និង សម្របសម្រួលឱ្យអស់លទ្ធភាពក្នុងការផ្តល់សេវាដល់វិនិយោគិន ដោយរលូន និង រហ័ស ដើម្បីឱ្យម្ចាស់គម្រោងអាចកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម និង កាត់បន្ថយនីតិវិធី ក្នុងការដំណើរការអនុវត្តគម្រោង​ និង មានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ។
ជាកិច្ចបន្ទាប់, អង្គប្រជុំបានពិនិត្យលើគម្រោងដែលស្នើការលើកទឹកចិត្តពិសេស ហើយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧ គម្រោង រួមមាន: គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១៧, គម្រោងថ្មី ចំនួន ៨, គម្រោងពង្រីក ១ និង គម្រោងមានស្រាប់ ចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ២៨២ លានដុល្លារអាម៉េរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង ។ គម្រោងទាំង ២៧ នេះ មានជាអាទិ៍ គម្រោងរោងចក្រផ្គុំ និង ដំឡើងរថយន្ត, គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋានទេសចរណ៍ និង គម្រោងអគារពហុមុខងារ ។ បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ, ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និង ដោះស្រាយបញ្ហា និង សំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។
សូមជម្រាបជូនថា គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ក្នុងត្រីមាសទី២ ឆ្នាំ ២០២៥ មានកំណើន ១១% ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ទំនុកចិត្តវិនិយោគនៅក្នុងខេត្ត ។
ជាមួយនេះ, ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕