ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. បានចូលរួមកិច្ចប្រជុំសិក្សាវាយតម្លៃស្ថានភាពហេដ្ឋារចនាសម្ព័ននានា ដែលរងផលប៉ះពាល់ពីការបាញ់ផ្លោងរបស់យោធាថៃកាលពីពេលថ្មីៗនេះ នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។

កិច្ចប្រជុំពិភាក្សាខាងលើបានការអញ្ជើញចូលរួមពី ឯកឧត្តម  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារចំពោះកិច្ច, ឯកឧត្តម ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសមួយចំនួនផងដែរ ។

ក្នុងបេសកកម្មនេះដែរ, ឯកឧត្តម ក៏បានចូលរួមជាមួយក្រុមការងារចុះជួបពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាពិសេសពលរដ្ឋដែលមានលំនៅឋានរបស់ពួកគាត់ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា ព្រមទាំងបានជួបសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀនមួយចំនួនដែលនៅកៀកនឹងតំបន់រងគ្រោះពីការទម្លាក់គ្រាប់ដោយយន្តហោះចម្បាំងរបស់ថៃ ផងដែរ។

សូមបញ្ជាក់ជូនថា យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅដ្ឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ, កំណត់ទំហំថវិកា និងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់, សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ, រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល។