ក្រុងទាំង៣ នៃខេត្តព្រះសីហនុត្រៀមចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ដើម្បីជំរុញឲ្យខេត្តទាំងមូលក្លាយជាគោលដៅទេសចរណ៍បៃតង !

ខេត្តព្រះសីហនុ៖ កិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានបេក្ខភាពចំនួន៣ គឺ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម។

គោលបំណងស្នូលគឺដើម្បីជំរុញឲ្យខេត្តទាំងមូលក្លាយជា គោលដៅទេសចរណ៍បៃតង ដែលមានសុវត្ថិភាពភាពទាក់ទាញ សណ្ដាប់ធ្នាប់ល្អ និងមានបរិស្ថានស្រស់បំព្រង ដើម្បីឈានទៅទទួលពានរង្វាន់លើកទី៤។

កិច្ចប្រជុំនេះដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមពីអភិបាលក្រុងទាំង៣ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីជោគជ័យត្រូវតែអនុវត្តតាមស្តង់ដាទីក្រុងស្អាត បច្ចុប្បន្នដែលមាន ៧ សូចនាករជាគោល ជាមួយ ៤១ សូចនាករលម្អិត និង ១១៣ លក្ខណវិនិច្ឆ័យ។ លោក បានអំពាវនាវដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធឲ្យ រួមគ្នាគិត រួមគ្នាធ្វើ និង សហការយ៉ាងសកម្ម ព្រោះការប្រឡងនេះតម្រូវឲ្យបំពេញគ្រប់សូចនាករទាំង សកម្មភាពនៅទីវាល ក្នុងសាលា និងទីសាធារណៈ ដើម្បីឆ្លើយតបនឹងគោល នយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ និងជាកិត្តិយសរបស់ខេត្ត។

នាឱកាសនោះ លោក សាមុត សុធារិទ្ធ បានកោតសរសើរចំពោះ ក្រុងទាំង៣ និង មន្ទីរពាក់ព័ន្ធ ដែលបានសហការ និងរៀបចំត្រៀមប្រកួតប្រឡងប្រណាំងទីក្រុងស្អាតដោយយោងតាមសូចនាករជាច្រើន។ លោកបាន បញ្ជាក់ថា រាល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមសហការយ៉ាងសកម្ម។ បើមិនមានការចូល រួមសហការសកម្មទេ គឺយើងមិនអាចទៅ មុខរួចបានឡើយ។ ដូចនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីទទួលបានជ័យលាភី។ លោកក៏បានបន្ថែមថា យើងត្រូវខិតខំជំរុញដើម្បីទទួលបានលទ្ធផលល្អក្នុងការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ឲ្យបានប្រកបដោយផ្លែផ្កា។ ទន្ទឹមនោះ យើងត្រូវចាប់ផ្ដើមអនុវត្តបំពេញនូវ គ្រប់សូចនាកររបស់ក្រសួងឲ្យបានព្រមៗគ្នាទាំង សកម្មភាពនៅទីវាល ក្នុងសាលា និងទីសាធារណៈ ដោយរៀបចំកែលម្អ សោភ័ណភាព បរិស្ថាន អនាម័យ នៅគ្រប់ទីកន្លែង។

លោកបានសង្កត់ធ្ងន់ថា ចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤ នេះ ត្រូវមាន ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ អង្គភាពចូលរួមប្រឡងប្រណាំងត្រូវ សិក្សាស្វែងយល់ រួមគ្នាធ្វើ សកម្មភាព និងត្រូវយល់ដឹងទាំង អស់គ្នា ក្នុងការបំពេញនូវសូចនាករនៃការវាយតម្លៃពីក្រសួង ដើម្បីមុខមាត់ខេត្ត។ ក្នុងនោះ ក៏ត្រូវរៀបចំ ប្លង់គោល ឲ្យស្របតាមស្តង់ដាសូចនាករលម្អិតនៃការប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤ នាពេលខាងមុខនេះ។

សូមជម្រាបថា ស្ដង់ដាទីក្រុងស្អាតត្រូវបានធ្វើបច្ចុប្បន្នភាព ដោយកែសម្រួលនូវសូចនាករ និងលក្ខណវិនិច្ឆ័យទៅតាមស្ថានភាពជាក់ ស្ដែង។ ស្តង់ដាទីក្រុងស្អាតបច្ចុប្បន្នមាន ៧ សូចនាករគោល ៤១ សូចនាករលម្អិត និង ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ ពិន្ទុ) ដែលមានដូចខាងក្រោម៖

• សូចនាករលម្អិត នៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន

• សូចនាករលម្អិត នៃភាពស្អាត

• សូចនាករលម្អិត នៃការគ្រប់គ្រងសំណល់

• សូចនាករលម្អិត នៃការបញ្ជ្រាបការយល់ដឹង

• សូចនាករលម្អិត នៃតំបន់បៃតង និងខ្សែក្រវាត់បៃតង

• សូចនាករលម្អិត នៃសុវត្ថិភាព សុខភាពសាធារណៈ សន្តិសុខ និងសណ្ដាប់ធ្នាប់ទីក្រុង

• សូចនាករលម្អិត នៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។