ខេត្តកែប ៖ ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់ “ក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ខេត្តកែបមានការរីកចម្រើននិងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះការកែលម្អរចនាសម្ព័ន្ធរូបវ័ន្តស្រស់ស្អាត ជាពិសេសវិថីតេជោសន្តិភាពឆ្នេរអង្កោល ដោយមានការបំពាក់ភ្លើង និងការអភិវឌ្ឍកែលម្អឆ្នេរអង្កោលដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការប្រកាសក្រុងកែបទទួលបានជយលាភីជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌ ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជយលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។
សូមបញ្ជាក់ថា ខេត្តកែប ជាខេត្តដែលមានសក្តានុពលសម្បូរបែប មានឆ្នេរសមុទ្រ និងកោះស្រស់ស្អាត, កសិទេសចរណ៍, ទេសចរណ៍ធម្មជាតិ, និងម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដោយការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត បានបែងចែកជាប៉ូលទេសចរណ៍ ចំនួន ៤ គឺ ប៉ូលទេសចរណ៍តំបន់ទីក្រុងធម្មជាតិកែបចាស់, ប៉ូលទេសចរណ៍តំបន់បៃតងអង្កោល, ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍, ប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ៕