ក្រសួអប់រំបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥

ភ្នំពេញ ៖ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅអគារមជ្ឈមណ្ឌលម៉ានី។

នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កម្ពុជាចាត់ទុកយុវជនជាធនធានគន្លឹះ ជាសសរទ្រូងរបស់ប្រទេសជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងរក្សាសន្ដិភាព ទាំងបច្ចុប្បន្ន ទាំងអនាគត។

ឯកឧត្តមបានបន្ថែមថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពក្នុងការកសាងមូលធនមនុស្ស ដែលឆ្លើយតបខ្ពស់ទៅនឹងទីផ្សារការងារ។ ប៉ុន្តែ យុវជនត្រូវចេះចាប់យកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីធានាអំពីភាពប្រកួតប្រជែងនៅក្នុងបរិការណ៍នៃបដិវត្តកម្មឌីជីថល និងការប្រែប្រួលឥតឈប់ឈររបស់ពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់យុវជនកម្ពុជា ត្រូវមានមនសិការស្នេហាជាតិ មានស្មារតីចូលរួមនិងគំនិតវិជ្ជមាន ព្រមទាំងមានការជឿជាក់លើការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈនៃភាពមិនច្បាស់លាស់ និងស្មុគស្មាញរបស់ពិភពលោក ជាពិសេស បញ្ហាព្រំដែនរបស់កម្ពុជា ដែលត្រូវទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ៕