ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ផ្តើមធ្វើជំរឿនមន្ត្រីជាក់ស្តែងរយៈពេល ២ថ្ងៃ ដើម្បីសម្រេចឱ្យបាននូវទិន្នន័យឯកភាពគ្នា
ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះមានការអញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។
ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ពោលគឺថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៦ នៅអគារនៃទីស្តីការក្រសួង។ ក្នុងដំណើរការនៃការចុះជំរឿននេះ ត្រូវតែមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីដោយផ្ទាល់ក្នុងពេលចុះធ្វើជំរឿន ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (ករណីមិនមានអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ)។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕




