ក្រសួងឧស្សាហកម្មរៀបចំវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១ ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១ ដោយផ្តោតលើសារៈសំខាន់នៃការកសាងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម។

វេទិកានេះបានប្រមូលផ្តុំអ្នកវិនិយោគសក្តានុពល មកពីសមាគមឧកញ៉ាកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម ក្រុមហ៊ុនពហុជាតិ សហគ្រាសផលិតក្នុងស្រុកដែលមានសក្តានុពល ដៃគូអភិវឌ្ឍន៍ និងអ្នករៀបចំគោលនយោបាយប្រមាណ ២៥០ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ អភិវឌ្ឍជំនាញឯកទេសនិងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយជវភាព។”
វេទិកានេះបានពិភាក្សាលើសរសរស្តម្ភចំនួនបីគឺ ការកំណត់យថាប្រភេទអាជីវកម្មកំពុងលូតលាស់ និងមានសក្តានុពលខ្ពស់, ការបង្កើតខ្សែច្រវាក់តភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងក្នុងស្រុក បង្គ្រប់ការនាំចូល ជំនួសការនាំចូល និងបង្កើនការនាំចេញ, និងការពង្រឹងបរិយាកាសអំណោយផលសម្រាប់សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “កម្ពុជានៅមានសក្តានុពលច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីយើងមិនទាន់ជាខ្សែច្រវាក់ដែលប្រទាក់ក្រឡាគ្នាពេញលេញ និងកង់ច្រវាក់ខ្លះពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ។ កង្វះទិន្នន័យ ព័ត៌មាន និងការយល់ដឹងអំពីសក្តានុពលរវាងគ្នា ធ្វើឱ្យយើងខកខានមិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោជន៍ជាក់ស្តែង។”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាកសញ្ញា, និងគ្រឿងសង្ហារឹម។

តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពលទាំង៧, ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូចនិងមធ្យម ជាមួយនឹងរោងចក្រធុនធំ និងឧស្សាហកម្ម, លើកកម្ពស់សមត្ថភាព និងគុណភាពផលិតផល តាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីន ឌីជីថលភាវូបនីយកម្ម, ជំរុញការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ ដូចជា ISO, GMP និង GHP, ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាស កម្ពុជា៕