ក្រសួងឧស្សាហកម្មរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៥

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការវាយតម្លៃទទួលស្គាល់៖ លើកកម្ពស់សក្តានុពលសហគ្រាសធុនតូច និងមធ្យម”។

ទិវាវាយតម្លៃទទួលស្គាល់ពិភពលោក ត្រូវបានផ្តួចផ្តើមឡើងដោយស្ថាប័នវាយតម្លៃទទួលស្គាល់អន្តរជាតិ (ILAC) និងវេទិកាវាយតម្លៃទទួលស្គាល់អន្តរជាតិ (IAF) ចាង់តាំងពីឆ្នាំ២០០៨ មក ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ និងការវាយតម្លៃភាពអនុលោម ក្នុងការធានាគុណភាព សុវត្ថិភាព ការជឿទុកចិត្ត និងសង្គតិភាពនៅក្នុងវិស័យនានា។ 

ប្រធានបទឆ្នាំនេះផ្តោតលើតួនាទីនៃការវាយតម្លៃទទួលស្គាល់ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក ដោយលើកកម្ពស់អនុលោមភាព និងការឈានចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានលើកឡើងថា៖ ”ការវាយតម្លៃទទួលស្គាល់គឺជាដំណើរការបច្ចេកទេស និងជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់កសាងទំនុកចិត្តលើផលិតផលកម្ពុជា។ តាមរយៈការលើកកម្ពស់សក្តានុពលសហគ្រាសធុនតូច និងមធ្យម ឱ្យចាប់យកអនុលោមភាពនិងស្តង់ដា យើងអាចកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងជាសាកល។”

កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់នៃ កម្ពុជា  អង្គភាពវាយតម្លៃភាពអនុលោម មន្ទីរពិសោធន៍ធ្វើតេស្តវិភាគ មន្ទីរពិសោធន៍ព្យាសកម្ម និងសហគ្រាសធុនតូចនិងមធ្យម សរុបប្រមាណ១០០នាក់។ 

ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមដែលមិនទាន់បានគោរពតាមលក្ខខណ្ឌបទប្បញ្ញត្តិ និងអនុលោមតាមតម្រូវការនៃគោលការណ៍ស្តង់ដា ពិសេសរបាំងបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម និងរបាំងអនាម័យនិងភូតគាមអនាម័យ។ 

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា៖ “ការប្រើប្រាស់សេវាវាយតម្លៃទទួលស្គាល់ជួយសហគ្រាសធុនតូច និងមធ្យម បង្ហាញថាខ្លួនបានបំពេញទៅតាមតម្រូវការរបស់បញ្ញត្តិករ ដែលជាឱកាសក្នុងការបើកទីផ្សារថ្មីៗ ទាក់ទាញការជឿទុកចិត្តពីអតិថិជន ពង្រឹងភាពធន់នឹងស្ថានភាពនៃធុរកិច្ច បង្កើនប្រសិទ្ធភាពក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងកាត់បន្ថយហានិភ័យផ្នែកអាជីវកម្ម។”

ខណៈដែលកម្ពុជាកំពុងធ្វើឧស្សាហូបនីយកម្ម និងសមាហរណកម្មកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល ប្រព័ន្ធវាយតម្លៃទទួលស្គាល់មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការពង្រីកទីផ្សារ ជាពិសេសសម្រាប់ផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម។

អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ជាហត្ថលេខីនៃកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមក ទាំងកម្រិតតំបន់ និងអន្តរជាតិ ដែលអាចផ្តល់សេវាវាយតម្លៃទទួលស្គាល់លើមន្ទីរពិសោធន៍ធ្វើតេស្តទាំងអស់ តាមស្តង់ដាអន្តរជាតិ ISO/IEC17025។ លទ្ធផលតេស្តវិភាគចេញដោយមន្ទីរពិសោធន៍ ដែលទទួលបានការវាយតម្លៃទទួលស្គាល់ពីអគ្គនាយកដ្ឋាននេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយចំណាយ និងរបាំងបច្ចេកទេសសម្រាប់ធុរកិច្ច ៕