ក្រសួងឧស្សាហកម្មប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព«ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារគុណភាព និងការកែលម្អជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតួនាទីនៃផលិតភាព ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាជីវកម្ម និង កំណើនសេដ្ឋកិច្ច ពិសេសខណៈដែលតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាពកំពុងបន្តកើនឡើងខ្ពស់។

ឯកឧត្តមបានលើកឡើងថា៖ “ការអនុវត្តវិធីសាស្ត្រផលិតភាព «ស៥» មានគុណសម្បតិ្តមិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើនសុវត្ថិភាពការងារ កាត់បន្ថយថ្លៃដើម លើកទឹកចិត្តបុគ្គលិក ពង្រឹងគុណភាពផលិតផល និងបង្កើនបរិមាណផលិតកម្ម ដែលនាំឱ្យក្រុមហ៊ុន-សហគ្រាស បង្កើនប្រាក់ចំណេញ។”

វិធីសាស្រ្តដំបូងរបស់ផលិតភាព «ស៥» ផ្តើមចេញពី “ស” ទាំង៥ រួមមានសម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ ជាវិធីសាស្រ្តសាមញ្ញ ដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងគាំទ្ររោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា ក្នុងការប្រែក្លាយការអនុវត្តវិធីសាស្ត្រនេះ ទៅជាទម្លាប់ប្រចាំថ្ងៃ វិន័យការងារ និងជាវប្បធម៌ស្ថាប័ន ដើម្បីនិរន្តរភាពនៃការកែលម្អផលិតភាព។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានលើកឡើងថា៖ “ម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ទាំងនេះគឺជាគំរូសម្រាប់សហគ្រាសដទៃទៀត ដែលស្វែងរកការលើកកម្ពស់ប្រសិទ្ធភាពនិងភាពប្រកួតប្រជែង ដែលរួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលផងដែរ។”

ចាប់តាំងពីឆ្នាំ២០១៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា បានរៀបចំកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ជារៀងរាល់ឆ្នាំ ដែលមានរោងចក្រ សហគ្រាស និងសិប្បកម្មចូលរួមសរុបចំនួន ៨៩៤ នៅទូទាំងប្រទេស។
សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួនបីត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» គឺ៖ ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក, បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) ខមភេនី លីមីតធីត, និង ធីធីអិមអិល ខមមើសល ឡនឌ្រី ឯ.ក។

ក្រសួងអំពាវនាវឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម ចូលរួមអនុវត្តវិធីសាស្ត្រ«ស៥» ឱ្យបានកាន់តែផុល ផុស និងចូលរួមកម្មវិធីពានរង្វាន់នេះសម្រាប់ឆ្នាំបន្តបន្ទាប់។ ការដាក់ពាក្យចូលរួមមិនត្រូវបានគិតថ្លៃឡើយ ហើយក្រសួងនឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងប្រឹក្សាយោបល់ផ្នែកផលិតភាព ដើម្បីគាំទ្រនិរន្តរភាពនៃការកែលម្អផលិតភាព នៅតាមមូលដ្ឋានផលិតកម្ម និងសេវាកម្មទូទាំងប្រទេស៕