ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈលើជំនាញគណនេយ្យ

ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈលើជំនាញគណនេយ្យ។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលលើជំនាញគណនេយ្យ ដល់សិស្សានុសិស្សផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈ ក្នុងការអនុវត្តគន្លងអប់រំថ្មី ឬគន្លងវិជ្ជាជីវៈ ចាប់ផ្តើមដាក់ឲ្យអនុវត្តតាមការគ្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបច្ចុប្បន្ន ពិសេសបំពេញបន្ថែមតម្រូវទីផ្សាររបស់ក្រុមហ៊ុននានា ដែលកំពុងត្រូវការ បុគ្គលិកលើជំនាញគណនេយ្យ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់គោលការណ៍ និងលក្ខខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការរៀបចំ និងអនុវត្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជំនាញគណនេយ្យ ដល់សិស្សានុសិស្ស ផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈ នៅតាមសាលារៀនគោលដៅ ក្នុងការអនុវត្តគន្លងអប់រំថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម បានបញ្ជាក់ថា ភាគីទាំងពីរយល់ព្រមគ្នា លើកម្រិតសហប្រតិបត្តិការ ក្នុងការរៀបចំ និងអនុវត្ត កម្មវិធីបណ្តុះបណ្តាលជំនាញគណនេយ្យដល់សិស្ស ផ្នែកអប់រំបច្ចេកទេស ចាប់ពីថ្នាក់ទី១០ ទី១១ និងទី១២ ក្នុងការអនុវត្តគន្លងអប់រំថ្មី ឬ គន្លងវិជ្ជាជីវៈ ពិសេស ផ្តល់ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់គ្រូបង្រៀន និងគ្រូជំនួយជំនាញគណនេយ្យ និងចូលរួមក្នុងការអភិវឌ្ឍកម្មវិធីសិក្សាជំនាញគណនេយ្យ ក្នុងនាមជួយគាំទ្រដំណើរការអនុវត្ត កម្មវិធីបណ្តុះបណ្តាលជំនាញគណនេយ្យ នៅតាមស្ថានភាពសាលារៀនគោលដៅ និងបង្កើតគណនី សម្រាប់សិស្សានុសិស្ស ចូលសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ។

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឲ្យដឹងថា នេះគឺជាមោនតភាព១ ដែលក្រសួងអប់រំ យុវជន និងកីឡា ផ្តល់សេចក្តីទុកចិត្ត និងជឿជាក់លើកំរឹតគុណភាព នៃការអប់រំ ចំណេះជំនាញ ជាពិសេស ឈានដល់កិច្ចសហប្រតិបត្តិការ ជាមួយ សាកលវិទ្យាល័យយើង ក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈ លើជំនាញគណនេយ្យ។

លោកបណ្ឌិត ប្ដេជ្ញាបំពេញបន្ថែមនូវចន្លោះការខ្វះខាតផ្នែកធនធានមនុស្សលើជំនាញគណនេយ្យនេះប្រកបដោយជោគជ័យ តាមរយះការសហការចែករំលែក ធនធានមនុស្ស គ្រូបង្រៀន អភិវឌ្ឍសម្ភារៈសម្រាប់បណ្តុះបណ្តាល អ្នកជំនាញបណ្តុះបណ្តាល បញ្ចូលមេរៀនផលិតផលថ្មីៗ និងសេវាកម្មនានា របស់ធនាគារអេស៊ីលីដា ដើម្បីបញ្រា្ជបការយល់ដឹងឲ្យទៅដល់សាលាគោលដៅដែលបានឯកភាពគ្នាដែលសិស្សានុសិស្សត្រូវចូលរៀនក្នុងពេលវេលាដូចៗគ្នា។