ក្រសួងអប់រំ កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

ភ្នំពេញ ៖ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pascal CATRY អគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយភាគីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដែលចុះហត្ថលេខាដោយលោក Pascal CATRY អគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល ៣ឆ្នាំ (២០២៦ ដល់ ២០២៨) រវាងក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ក្នុងគោលបំណង៖

• ពង្រឹងចំណេះដឹងរបស់សិស្សានុសិស្សសិក្សានៅក្នុងក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ភាសាបារាំងជាជីវភាសាបរទេសទី១-ទី២ និងថ្នាក់ភាសាបារាំងនៅសាលារៀនជំនាន់ថ្មី តាមរយៈការចុះធ្វើទស្សនកិច្ចនៅតាមសហគ្រាស

• លើកកម្ពស់ទំនាក់ទំនងរវាងវិស័យអប់រំ និងវិស័យឯកជន តាមរយៈការបញ្ជ្រាបឱ្យកាន់តែយល់ច្បាស់អំពីពិភពវិជ្ជាជីវៈ

• អនុញ្ញាតឱ្យសហគ្រាសនានានៃបណ្ដាញសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា អាចធ្វើបទបង្ហាញអំពីសកម្មភាព និងមុខរបរវិជ្ជាជីវៈផ្សេងៗទៅដល់សិស្សានុសិស្ស។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ចំពោះការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា តាមរយៈកិច្ចសហប្រតិបត្តិការថ្មីនេះ ការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា នឹងកាន់តែរីកចម្រើនឡើងមួយកម្រិតទៀត៕