ក្រសួងអប់រំចាប់ផ្តើម​​​ពិនិត្យ​ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​

​ភ្នំពេញ៖ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​សមាជិក​គណៈកម្មការ​​​​ក្រុម​មុខវិជ្ជា នៅ​តាម​មណ្ឌល​កំណែទាំង១០ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​រាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះ​អក្សរសម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។

គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន យ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ។

ការយកចូល និងប្រើប្រាស់ទូរសព្ទដៃនៅក្នុងមណ្ឌលកំណែ ត្រូវហាមឃាត់។ អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។
សម្រាប់អ្នកដែលមិនអាចទុកទូរសព្ទក្នុងហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែងពីការងារកំណែភ្លាម។

ដំណើរការកំណែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕