ក្រសួងអធិការកិច្ច ប្រកាសដាក់ឲ្យអនុវត្តន៍យុទ្ធសាស្ត្រ «ព៤ជ៤» សម្រាប់ឆ្នាំ២០២៥-២០២៨ ដែលជាត្រីវិស័យ ដើម្បីជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន បានមានប្រសាសន៍ថា ក្រសួងអធិការកិច្ច បានសម្រេចដាក់ចេញនៅយុទ្ធសាស្ត្រ «ព៤ជ៤» សម្រាប់ឆ្នាំ២០២៥-២០២៨ ក្នុងការជំរុញឱ្យសង្គមកម្ពុជាមានភាពធន់ និងភាពប្រកួតប្រជែង ព្រមទាំង ធ្វើឱ្យស្ថាប័នសាធារណៈមានប្រសិទ្ធភាព គណនេយ្យភាពនិងបរិយាបន្ន និងធានាបាននូវយុត្តិធម៌ តម្លាភាព និងអភិបាលកិច្ចល្អ តាមរយៈ បេសកកម្មច្បាស់លាស់ និងមុតស្រួច ដើម្បីពង្រឹងនិងលើកកម្ពស់ទំនុកចិត្តលើស្ថាប័នសាធារណៈ ដោយផ្តោតសំខាន់លើ៖ (១)បញ្ចៀសនូវសកម្មភាពមិនអនុលោមតាមច្បាប់ ដើម្បីកាត់បន្ថយការរំលោភបំពានលើអភិបាលកិច្ច ដោយបង្កើតវប្បធម៌នៃការអនុវត្តច្បាប់ និងអភិបាលកិច្ចល្អ (២)រកឱ្យឃើញចំណុចខ្វះខាត ព្រមទាំងភាពមិនប្រក្រតី និងអសកម្ម (៣)ទុក ពេលឱ្យស្ថាប័នសាធារណៈដើម្បីកែលម្អនូវចំណុចខ្វះខាត ភាពមិនប្រក្រតី និងភាពអសកម្ម ក្នុងការអនុវត្តច្បាប់ និងអភិបាលកិច្ចល្អ ដើម្បីឈានដល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពេញលេញ និង(៤)ឆ្លើយតបជាមួយដំណោះស្រាយប្រកបដោយយុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ 

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើក ឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច  នាសណ្ឋាគារសុខាភ្នំពេញ, នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងរយៈពេលប្រមាណជិត៩ខែក្នុងការដឹកនាំក្រសួងអធិការកិច្ច ឯកឧត្តមបានជំរុញបង្កើតក្រុមការងារចំពោះកិច្ច ចំនួន៨ ដើម្បីវិភាគ សិក្សា ស្រាវជ្រាវ និងចងក្រងរៀបចំឯកសារយុទ្ធសាស្រ្ត «ព៤ជ៤»ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ ដែលធ្វើឱ្យយុទ្ធសាស្រ្ត «ព៤ជ៤» នេះ ក្លាយជាត្រីវិស័យ ក្នុងការដោះស្រាយរាល់បញ្ហាប្រឈម ដែលកើតមានក្នុងក្របខ័ណ្ឌក្រសួងអធិការកិច្ចនិយាយដោយឡែក និងក្នុងវិស័យអធិការកិច្ចនិយាយជារួម។

លើសពីនេះទៅទៀត យុទ្ធសាស្ត្រនេះមានគុណតម្លៃស្នូលសំខាន់ៗ រួមមាន (១)សុចរិតភាព៖ ផ្ដោតលើការលើកកម្ពស់ភាពស្មោះត្រង់ យុត្តិធម៌ និងតម្លាភាពក្នុងអភិបាលកិច្ច(២)វិជ្ជាជីវៈ៖ ផ្ដោតលើការធានាបាននូវវិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការធ្វើអធិការកិច្ច ការទទួលនិងដោះស្រាយបណ្តឹង ការតាមដានការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈ (៣)ភាពច្បាស់លាស់៖ ផ្ដោតលើការលើកកម្ពស់ការយល់ដឹងរបស់វិស័យឯកជន និងប្រជាពលរដ្ឋអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្ត (៤)គណនេយ្យភាព៖ ផ្ដោតលើការជំរុញឱ្យស្ថាប័ននិងបុគ្គលមានការទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តច្បាប់ និងការពង្រឹងអភិបាលកិច្ច (៥)ភាពជាដៃគូ៖ ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអន្តរជាតិនានា។ 

ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍បញ្ជាក់ថា យុទ្ធសាស្ត្រ «ព៤ជ៤»សំដៅដល់ការពង្រឹងការងារស្នូលចំនួន៤ ។ «ព៤» រួមមាន៖(១)ពង្រឹងការងារអធិការកិច្ច (២)ពង្រឹងការងារដោះស្រាយបណ្តឹង(៣)ពង្រឹងការងារតាមដានការអនុវត្តច្បាប់ និង (៤)ពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ និង សំដៅដល់ការជំរុញការងារគាំទ្រចំនួន៤ ។ និង«ជ៤» រួមមាន៖ (១)ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត (២)ជំរុញនិងបង្កើនសមត្ថភាពស្ថាប័ន (៣)ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ និង(៤)ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ជារួម យុទ្ធសាស្ត្រ «ព៤ជ៤» នេះ ត្រូវបានរៀបចំឡើងប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈប្រទាក់ក្រឡាដោយកំណត់យ៉ាងច្បាស់នូវគោលដៅយុទ្ធសាស្ត្រ វិធានការគន្លឹះ និងសកម្មភាពអាទិភាពសំខាន់ៗផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្តថា ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តនេះ ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាមទារឱ្យមានការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ជាពិសេស ស្របតាមប្រសាសន៍តម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុប លទ្ធផល ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ការងារអធិការកិច្ច គឺជាកិច្ចការសំខាន់ ដែលបានជួយដល់អភិក្រមចំនួន៤ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ក្នុងចំណោម អភិក្រម ទាំង៥ របស់ សម្តេចតេជោ និងស្នើឱ្យក្រសួង ស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការចាប់កំហុស ផ្ទុយទៅវិញគឺជាការតាមដានត្រួតពិនិត្យ និងជួយដល់ការពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័ន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ដែលបានលះបង់កម្លាំងកាយ ពេលវេលា និងប្រាជ្ញាស្មារតី ចូលរួមសហការរៀបចំតាក់តែងនូវឯកសារយុទ្ធសាស្រ្ត «ព៤ជ៤» នេះឡើង ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

នៅក្នុងឱកាសនេះ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអធិការកិច្ច បានរាយការណ៍ដោយសង្ខេបនូវសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងក្នុងឆ្នាំ២០២៤ និងទិសដៅការងារនាពេលខាងមុខ ក៏ដូចជា បានលើកឡើងនូវបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងវិស័យអធិការកិច្ច ព្រមទាំងការដាក់ចេញ នូវយុទ្ធសាស្រ្ត «ព៤ជ៤» ដែលជាត្រីវិស័យ ដើម្បីជំរុញការអភិវឌ្ឍវិស័យអធិការកិច្ចផងដែរ៕