ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បិទវគ្គសិក្សាឆ្នាំ២០២៥ និង បើកវគ្គសិក្សាឆ្នាំ២០២៦ នៃកម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គសិក្សាឆ្នាំ ២០២៥និង បើកវគ្គសិក្សាឆ្នាំ ២០២៦ នៃ «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង» ដោយមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ ២០២៥និង សិក្ខាកាមគោលដៅឆ្នាំ ២០២៦ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន រួមទាំងមន្ទីរជំនាញ, គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។
អង្គពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក Bryan FORNARI ប្រធានសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និង តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមនឹង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ទីរជំនាញ,ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណ ១ ២០០ នាក់ ។
ថ្លែងក្នុងពិធីនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលត្រូវបានបន្តគាំទ្រយ៉ាងមុតមាំ ពីរាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ។ លើសពីនេះ, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣បានកំណត់ក្របខ័ណ្ឌពេលសម្រាប់ការអនុវត្តជាមូលដ្ឋាន «ប្រព័ន្ធថវិកាសមិទ្ធកម្ម» ចាប់ពីឆ្នាំ២០២៦ និង តម្រូវឱ្យមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ។
ក្នុងន័យនេះ, ការបណ្ដុះបណ្ដាល និង វិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃអង្គភាពថវិកានីមួយៗ របស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ត្រង់មាត្រា ១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និង ស្របតាមស្មារតី អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់ ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីកសាងសមត្ថភាព ដែលមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ និង ត្រូវបានកំណត់ទៅជា កម្មវិធីសម្រាប់ក្រសួង-ស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ, កម្មវិធីសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង កម្មវិធីសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ។



