ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសលាត្រៀមលក្ខណៈសម្រាប់ការរៀបចំ ថវិកាឆ្នាំ ២០២៦ ផ្ទៃក្នុងក្រសួង

នាថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «សិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា ឆ្នាំ ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា (ក.ថ.អ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ និងជាអនុប្រធាន ក.ថ.អ., ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស,ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ៣០០ នាក់ ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ក្នុងគោលបំណងបង្កើនសមត្ថភាព និង ការយល់ដឹង ព្រមទាំងផ្តល់ជាជំនួយបច្ចេកទេសបន្ថែម ដល់គ្រប់អង្គភាពថវិកា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ដំណើរការរៀបចំថវិកាឆ្នាំ ២០២៦ ឱ្យកាន់តែមានគុណភាព និង ទាន់ពេល ។
ថ្លែងក្នុងសិក្ខាសាលានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និង បានបំពេញមុខងារជានិម្មាបនករ លើការដាក់ឱ្យអនុវត្តថវិកាកម្មវិធី ដល់ក្រសួង-ស្ថាប័ន ។ ជាមួយគ្នានេះ, ក្រសួងផ្ទាល់ បានស្ថិតក្នុងចំណោមក្រសួង-ស្ថាប័ន ទាំង៧ ដែលបានចាប់ផ្តើមអនុវត្តសាកល្បង នូវ «ថវិកាព័ត៌មានសមិទ្ធកម្ម»និង ការកសាងគណនេយ្យភាពសមិទ្ធកម្មដំបូង ចាប់តាំងពីឆ្នាំ ២០២៣ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអនុវត្តថវិកាមានភាពរលូន និង អាចគាំទ្រដល់ការងារអាទិភាពរបស់អង្គភាព ជាពិសេស ផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ក្រសួង-ស្ថាប័ន, ចាំបាច់ត្រូវគិតគូរឱ្យបានម៉ត់ចត់ជាមុន ពោលគឺ ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ដោយហេតុថា ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម ទាមទារឱ្យមានការរៀបចំថវិកា ដែលផ្តោតជាចាំបាច់លើ ក្របខណ្ឌគោលនយោបាយម៉ាក្រូ-សេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេស ពិតានចំណាយគោល សម្រាប់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យបានល្អ ហើយត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ដើម្បីសម្រេចបាននូវលទ្ធផលក្នុងឆ្នាំ និង លទ្ធផលចុងក្រោយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាវេទិកាសំខាន់មួយទៀត ក្នុងការផ្តល់មគ្គទេសក៍បច្ចេកទេសគន្លឹះៗ ដើម្បីពង្រឹង និង បង្កើនសមត្ថភាព ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេស នៃក្រុមការងារថវិការបស់អង្គភាពថវិកា លើការរៀបចំថវិការបស់ក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព មានសង្គតិភាព និង មានគណនេយ្យភាព ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗ នៃកម្មវិធីដែលក្រសួងបានដាក់ចេញ ។
មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ណែនាំ ដល់អ្នកចូលរួមក្នុងអង្គសិក្ខាសាលា ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើគ្រប់ប្រធានបទដែលបានផ្តល់បទបង្ហាញដោយមន្ត្រីជំនាញ ព្រមទាំងចូលរួមកិច្ចពិភាក្សា ឱ្យបានផុលផុស ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ៕