ក្រសួងសុខាភិបាល និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក បន្តពង្រឹង និងពង្រីកសហប្រតិបត្តិការបច្ចេកទេសលើកកម្ពស់ប្រព័ន្ធអាហារូបត្ថម្ភ និងទប់ស្កាត់ជំងឺមិនឆ្លងនានា
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជូបពិភាក្សាការងារជាមួយ គណៈប្រតិភូអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដឹកនាំដោយ អ្នកស្រី Kyung-nan Park អគ្គនាយកប្រតិបត្តិអង្គការ (World Food ProgrammeឥWFP) ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពបន្ថែមដែលអង្គការ WFP អាចពង្រីកការចូលរួមចំណែកអភិវឌ្ឍវិស័យអាទិភាព របស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លងដែលទាក់ទងនឹងរបបអាហារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្ដល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងសុខាភិបាល ក្នុងការ អភិវឌ្ឍវិស័យសុខាភិបាល និងបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលកន្លងមក។ ការចូលរួមរបស់ WFP បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលជាតិ កាន់តែប្រសើរឡើង។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអបអរសាទរ ចំពោះការប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (HSP4) និងបានកោតសរសើរចំពោះចក្ខុវិស័យថ្មី របស់ក្រសួង សុខាភិបាល ដែលផ្តោតលើការការពារ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។
អង្គប្រជុំបានពិភាក្សាលើអាទិភាពមួយចំនួនរួមមាន៖
១.ការកែលម្អគោលការណ៍ណែនាំស្តីពី ជំងឺកង្វះអាហារូបត្ថម្ភស្រួចស្រាវ (Acute Malnutrition)
២.អាហារូបត្ថម្ភសម្រាប់កុមារវ័យសិក្សា ដោយបន្តគាំទ្រក្រសួងអប់រំ យុវជន និងកីឡា
៣.ការចូលរួមទូលំទូលាយលើការផ្សព្វផ្សាយអាហារមានសុខភាពល្អ
៤.ពិភាក្សាអំពីផែនការ ជាបន្តបន្ទាប់។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ សកម្មភាពរបស់អង្គការ WFP ក្នុងការកំណត់ទិសដៅ និងផែនការអាទិភាពសំខាន់ៗមួយចំនួនលើការអភិវឌ្ឍ កម្មវិធីអាហារូបត្ថម្ភ ការអប់រំសុខភាព និងការកែលម្អធនធានមនុស្ស។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គការ WFP បន្តពង្រឹងបណ្តុះបណ្តាល កម្លាំងពលកម្ម និងបន្តរួមចំណែកក្នុងការគាំទ្រ ផែនការយុទ្ធសាស្ត្រអាហារូបត្ថម្ភជាតិ និងការការពារជំងឺមិនឆ្លង នៅកម្ពុជា៕



