ក្រសួងសុខាភិបាល និងខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាលើកាលានុវត្ត នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍធនធានមនុស្សសុខាភិបាល ការផ្លាស់ប្តូរនិស្សិត និងទស្សនៈកិច្ចសិក្សា ការស្ម័គ្រចិត្តផ្តល់សេវាព្យាបាលឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងសហគមន៍ និងលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យក្នុងតំបន់នាពេលអនាគត

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម Kim Yung-Rok អភិបាលខេត្ត Jeollanam-do និងឯកឧត្តម ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយនិងគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមវេជ្ជសាស្រ្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ និងបានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលការណ៍នេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា។

ឯកឧត្តមអភិបាលខេត្តJeollanam-do នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការអរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសមក្នុងឱកាសដ៏មមាញឹក និងបានបញ្ជាក់ជំហរយ៉ាងមុតមាំ ក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរ បានជួបពិភាក្សាលើកាលានុវត្ត នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍធនធានមនុស្សសុខាភិបាល ការផ្លាស់ប្តូរនិស្សិត និងទស្សនៈកិច្ចសិក្សា ការស្ម័គ្រចិត្តផ្តល់សេវាព្យាបាលឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងសហគមន៍ និងលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យក្នុងតំបន់នាពេលអនាគត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត អំពីសុឆន្ទៈពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ដែលសាធារណៈកូរ៉េ បាន និងកំពុងគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើឱ្យប្រសើរឡើងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសយើងទាំងពីរ ដែលត្រូវបានកត់សម្គាល់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនូវគុណភាពនៃការផ្តល់សេវាសុខភាពសំដៅលើកកម្ពស់ សុខុមាលភាពប្រជាជន និងគុណភាពសេវាសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕