ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រារព្ធពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ទីស្តីការក្រសួង៖ នារសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ។
កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៩អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាពិសេសត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ទេវតាឆ្នាំថ្មី ឆ្នាំមមី ទេពធីតាមហាសង្រ្កាន្តមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម រាក្យសាទេវី គង់ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម (ផ្កាឈូក) អាភរណៈទ្រង់មោរ៉ា ព្រះហស្ថស្ដាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កៅទណ្ឌ (ធ្នូ) ភក្សាហារសោយលោហិត ទ្រង់ឈររំពៃលើខ្នងអស្សតរ (សត្វសេះ) ជាពាហនៈ ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០.៤៨ នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
នៅក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនាមមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃនាយក និងព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕



