ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមន្រ្តីរាជការជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ពីលទ្ធផលការងារឆ្នាំ២០២៥ ដែលក្រសួងសម្រេចបាន និងលទ្ធផលរបស់អង្គសន្និបាតដែលបានរៀបចំរយៈពេល ១ថ្ងៃកន្លះ កន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៦។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានជម្រាបជូនអង្គសន្និបាតជ្រាបផងដែរថា
ពិធីសន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន អាចពិភាក្សាផ្លាស់ប្តូរយោបល់ និងពិនិត្យវាយតម្លៃលើវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ រួមទាំងលើកទិសដៅជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់ប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រួមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយនូវបញ្ហាប្រឈម ប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើននៅក្នុងឆ្នាំ២០២៥ ដោយឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ក្រសួង ជាពិសេសគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១១ ចំណុចរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំ និងតម្រង់ទិសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥កន្លងទៅនេះ។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រចំពោះទិសដៅការងារទាំងឡាយដែលអង្គសន្និបាតសម្រេចដាក់ចេញសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានផ្ដល់អនុសាសន៍ចំនួន ៩ចំណុច ដើម្បីជំរុញល្បឿនការងារនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាតម្រង់ទិសលើការងារអាទិភាពស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាចំពោះមុខនានាឱ្យទៅជាកាលានុវត្តភាព សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម៕



