ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ

ទីស្តីការក្រសួង៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំ កិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ និងបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនឹងត្រូវអនុវត្តទាំងស្រុងចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តទៅ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធាន អនុប្រធាន លេខាធិការដ្ឋាន ប្រធាន និងអនុប្រធានស្ថានីយជញ្ជីង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការត្រៀមលក្ខណៈពីគ្រប់ភាគីពាក់ព័ន្ធលើ ការងារបច្ចេកទេស ការងារបទដ្ឋានគតិយុត្ត ការងារផ្សព្វផ្សាយ និងការងារពាក់ព័ន្ធផ្សេងៗ ដើម្បីអនុវត្តតាមវិធានមួយចំនួនដែលបានកែសម្រួលតាមវិសោធនកម្មច្បាប់ផ្លូវថ្នល់ថ្មី ដែលនឹងត្រូវអនុវត្តទាំងស្រុងចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ តទៅ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ការអនុវត្តច្បាប់ថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច។

ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលបំណងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ធានានូវសុវត្ថិភាពចរាចរណ៍ និងពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព។ វិធានការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការថែរក្សាគុណភាពផ្លូវថ្នល់ និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕