ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រមូលនិធិជាតិជំនួយសង្គម ឆ្នាំ២០២៤-២០២៨

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រមូលនិធិជាតិជំនួយសង្គម ឆ្នាំ២០២៤-២០២៨។

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាអាទិភាពមួយ កំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ផ្តោតសំខាន់លើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមអភិក្រមនៃវដ្តជីវិត ដោយឈរលើស្មារតី (មិនបោះបង់ពលរដ្ឋណាម្នាក់)  ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។ 

ឯកឧត្តមបណ្ឌិត បានបន្តទៀត មូលនិធិជាតិជំនួយសង្គម បានរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ២០២៤-២០២៨ ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ផែនការអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៤-២០២៨ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០  ក្នុងគោលបំណង ធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។ 

យ៉ាងណាមិញ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០កន្លងមក និងការរីករាលដាលនៃជំងឺនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ប្រាក់ចំណូល និងធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រ។ ការណ៍នេះបានជំរុញឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវកិច្ចអន្តរាគមន៍ថ្មីៗបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដោយគ្របដណ្តប់លើប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ ងាយរងគ្រោះ គ្រួសាររស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្រុមងាយរងគ្រោះផ្សេងទៀត។ 

ឯកឧត្តមបណ្ឌិត បញ្ជាក់ដែរថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រុមគោលដៅជាអ្នកទទួលផលដែលទទួលជំនួយជាសាច់ប្រាក់ពីរាជរដ្ឋាភិបាលមាន៧០៥ ៧១៦ គ្រួសារ ចំណាយថវិកាប្រមាណ ១ ៣៥៩លានដុល្លារអាម៉េរិក, គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់៩៩ ១៦៩ គ្រួសារ ចំណាយថវិកាប្រមាណជាង ១១លានដុល្លារអាម៉េរិក និងគ្រួសារងាយរងហានិភ័យ៤៩៥ ៣០៧ គ្រួសារ ចំណាយថវិកាប្រមាណ៤៤លានដុល្លារអាម៉េរិក និង ស្តី្រមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំចំនួន ៣៤៤ ៩៨៦ នាក់ ចំណាយថវិកាប្រមាណ ៣០លានដុល្លារអាម៉េរិក ដោយគិតត្រឹមឆ្នាំ២០២៣។ 

ឯកឧត្តម ជឿជាក់យ៉ាងមុតមំាថា ផែនការយុទ្ធសាស្រ្តមូលនិធិជាតិជំនួយសង្គម ឆ្នាំ២០២៤-២០២៨ នឹងផ្តល់ជាក្របខណ្ឌពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ និងជោគជ័យ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារក្រីក្រ ងាយរងគ្រោះ ងាយរងហានិភ័យ អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិលនិងអ្នកនៅក្នុងបន្ទុកឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន។

ក្នុងពិធីនេះដែរ លោក អានៀរបាន ឆាតឺរជី នាយករងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំកម្ពុជា(UNICEF) បានគាំទ្រនូវវឌ្ឍនភាព នៃផែនការយុទ្ធសាស្រ្តមូលនិធិជាតិជំនួយសង្គមដែលបានកំណត់នូវទិសដៅច្បាស់លាស់ សម្រាប់ការពង្រឹង និងពង្រីក ដូចជាការផ្តល់ជូននូវកម្មវិធីជំនួយសង្គមដល់ថ្នាក់ជាតិ និងគម្រោងសន្តិសុខសង្គមនានា ដោយបានសង្កត់ធ្ងន់ទៅលើគុណភាព ប្រសិទ្ធភាព គណនីភាព និងបរិបន្ន ជាពិសេស ធ្វើការលើកកម្ពស់ប្រសិទ្ធភាពការងារ និងតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំជាងមុន ជាមួយនឹងសេវាជាតិសង្គម ដែលបានបំពេញឲ្យគ្នាទៅវិញទៅមក ក៏ដូចជាប្រព័ន្ធបញ្ចូន។ 

តាមរបាយការណ៍របស់ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមបានឲ្យដឹងថា ការរៀបចំផែនការយុទ្ធសាស្រ្តមូលនិធិជាតិជំនួយសង្គម ឆ្នាំ២០២៤-២០២៨នេះ គឺដើម្បីកំណត់ អំពីយុទ្ធសាស្រ្ត របស់មូលនិធិជាតិជំនួយសង្គម ដែលមានគោលបំណងសំខាន់ រួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងជីវភាព ទប់ស្កាត់ និងកាត់បន្ថយភាពក្រីក្រ សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ ងាយរងគ្រោះ ងាយរងហានិភ័យ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុកឱ្យមានភាពប្រសើរឡើង ប្រកបដោយបរិយាបន្ន។