ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បើកវគ្គបណ្តុះបណ្តាល ស្ដីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆាំ្ន តាមម្តាយនៅក្នុងពន្ធនាគារ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារកនៅក្នុងផ្ទៃដល់កុមារអាយុ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ 

នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម ថ្លែងក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្ដីពី ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆាំ្ន តាមម្តាយនៅក្នុងពន្ធនាគារ។

ឯកឧត្តមបណ្ឌិត បន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមូលនិធិជាតិជំនួយសង្គម ជាសេនាធិការ និងជាប្រតិបត្តិករទោល ក្នុងការដឹកនាំ គ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១៩ ដោយស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រង របស់ក្រសួងសុខាភិបាល។ លុះមកដល់ដើមឆ្នាំ២០២០ ត្រូវបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតមកទល់បច្ចុប្បន្ន។ ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ គឺក្រោមគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏បានបន្តពង្រីកវិសាលភាព និងអត្រាប្រាក់ឧបត្ថម្ភកម្មវិធី ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមោទនភាព សម្រាប់អាណត្តិទី៧នេះ គឺរាជរដ្ឋាភិបាល បានគ្រោងនឹងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារក នៅក្នុងផ្ទៃដល់កុមារអាយុ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ជាពិសេសសម្រាប់អត្រាឧបត្ថម្ភដែលផ្ដល់ជូន គឺដូចគ្នាទៅនឹងអត្រាឧបត្ថម្ភ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារមានបណ្ណសមធម៌ផងដែរ។

ឯកឧត្តមបណ្ឌិត បញ្ជាក់ដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាកម្មវិធី របស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្ត ដោយពីរស្ថាប័នផ្សេងគ្នា ក្នុងនោះទី១ គឺការអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដែល ផ្តល់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ និងទី២ ត្រូវបានអនុវត្តដោយបេឡាជាតិសន្តិសុខសង្គម គឺផ្តល់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ។ 

ឯកឧត្តមបណ្ឌិត ក៏បានរំលឹក និងបានផ្តល់ជាអនុសាសន៍មួយចំនួន ដូចជា ក្នុងនាមជា គ្រូឧទ្ទេសថ្នាក់ជាតិ ដែលឈរលើមូលដ្ឋាន ត្រូវចេះចែករំលែក ទាំងបច្ចេកទេស និងវិធីសាស្ត្រ ឱ្យបានពេញលេញ ដើម្បីធានាការបណ្តុះបណ្តាលនេះ ទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ ជាពិសេស សិក្ខាកាមទាំងអស់ ដែលបានចូលរួមត្រូវតែសកម្ម និងផុសផុល ព្រោះបទបង្ហាញទាំងអស់នេះ គឺជាមគ្គុទ្ទេស សម្រាប់អនុវត្តកម្មវិធី នាពេលខាងមុខ។ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពន្ធនាគារ មេត្តាជួយជំរុញ និងគាំទ្រ ដល់ដំណើរការនៃការអនុវត្តកម្មវិធីនេះ ។ ជាងនេះទៅទៀត សូមឲ្យ មន្ត្រីទទួលបន្ទុកកម្មវិធី នៅប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ និងមន្ទីរពេទ្យដៃគូពន្ធនាគារ អនុវត្តកម្មវិធី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជៀសវាងការប្រាសចាក ពីគោលការណែនាំ ចំពោះមូលនិធិជាតិជំនួយសង្គម ។

បើតាមរបាយការណ៍របស់ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឲ្យដឹងថា សកម្មភាពសំខាន់ៗ ក្នុងដំណើរការ នៃការរៀបចំកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដូចជា បានជួបពិភាក្សាលើកដំបូងជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់ពី ស្ថានភាពស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយក្នុងពន្ធនាគារ, បានជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ ក្រុមការងារអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម, បានប្រជុំពិគ្រោះយោបល់កម្រិតអន្តរក្រសួង ដែលមានសមាសភាពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ រៀបចំសៀវភៅប្រតិបត្តិគោលរបស់កម្មវិធី, បានជួបប្រជុំជាមួយ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីពិភាក្សាលើតម្រូវការទិន្នន័យ ដែលអាចយកមកប្រើប្រាស់ ដើម្បីអភិវឌ្ឍប្រព័ន្ធកម្មវិធី ស្របតាមនិន្នន័យជាក់ស្តែង, បានរៀបចំប្រព័ន្ធបច្ចេកវិទ្យា (App និង MIS) សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តកម្មវិធី, បានប្រជុំកម្រិតអន្តរក្រសួង ដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យចុងក្រោយ ស្តីពី ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្ដាយអាយុក្រោម២ឆ្នាំ នៅក្នុងពន្ធនាគារ។