ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បិទបញ្ចប់ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦

បន្ទាប់ពីបានដំណើរការអស់រយះពេល១ថ្ងៃកន្លះ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បើតាមរបាយការណ៍របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា អង្គសន្និបាតបានដំណើរការ ដោយមានការធ្វើបទអន្តរាគមន៍ និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, ការងារមនុស្សចាស់់, ការងាររដ្ឋបាលសិទ្ធិជនពិការ, ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ការផ្តល់ជំនួយជូនជនភៀសសឹក និងការដោះស្រាយបញ្ហាជនភៀសសឹកដែលមិនទាន់ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ ក្នុងឆ្នាំ២០២៥ លទ្ធផលដែលសម្រេចបាន និងការកំណត់នូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តគិតគូរ និងដោះស្រាយ តាមរយៈយន្តការដែលមានស្រាប់ ការបង្កើតយន្តការថ្មី ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត សំដៅគាំទ្រដល់ការផ្តល់សេវាគាំពារសង្គម ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា រួមមាន កម្មវិធីជាតិជំនួយសង្គម, របបសន្តិសុខសង្គម, ការងារសុខុមាលភាពជនមានពិការភាព, សេវាសុខុមាលភាពមនុស្សចាស់ អតីតយុទ្ធជន និងនិវត្តជន, សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់, សេវាកិច្ចការពារកុមារ, ការងារកិច្ចការគ្រួសារ, ការងារស្តារនីតិសម្បទាអនីតិជន, ការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ការងារកំណែទម្រង់រដ្ឋបាល និងហិរញ្ញវត្ថុ, ការងារបណ្តុះបណ្តាលកម្លាំងសេវាសង្គម, ការងារជួយពលករចំណាកស្រុក និងគ្រួសារជនភៀសសឹក ដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះ។
ឯកឧត្តម បញ្ជាក់ដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តអនុវត្តមុខងារ បេសកកម្មរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុត និងការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី សម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងទិសដៅរួមចំណែកជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តអនុសាសន៍ដែលបានដាក់ចេញកាលពីឆ្នាំកន្លងទៅ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព, ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការបន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំសុវត្ថិភាព ជួយសម្រួលទុក្ខលំបាក បង្កឱកាសឱ្យកុមារបានរៀនសូត្រ ។ ជាពិសេសក្នុងការដោះស្រាយបញ្ហាកង្វះ សមាគមមនុស្សចាស់, ក្រសួង-ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ការប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ក្នុងការលើកលែង ថ្លៃព្យាបាល, ឱកាសការងារតាមគ្រឹះស្ថាននានា និងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ , បន្តពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការធ្វើស្វ័យប្រវត្តិកម្ម នៃការបញ្ជូនទិន្នន័យសិទ្ធិវន្ត ជាមួយនឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងសុក្រឹតភាពនៃទិន្នន័យ ដោយប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាគោល, បង្កើនការយកចិត្តទុកដាក់ ការងារគ្រប់គ្រង មជ្ឈមណ្ឌល និងមណ្ឌលព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងរដ្ឋនិងឯកជន និងជាការក្រើនរំលឹកសាឡើងវិញអំពីការអនុវត្តបទបញ្ជា០១បប ស្តីពី ការចាត់វិធានការចំពោះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាដែលពាក់ព័ន្ធនឹងសារធាតុញៀន បន្តការធ្វើតេស្តនេះជាប់ជាប្រចាំ ដើម្បីធានាបានថា មន្ត្រី និងកងកម្លាំងរបស់យើង គឺជាមន្ត្រីស្អាតស្អំ ជាអ្នកគំរូ ដែលឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី គឺ «គោលការណ៍ សម្អាតផ្ទះ និងសម្អាតចកចេញពីបឹង»។


