ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវគោលនយោបាយការលើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច សម្រាប់គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ 

TVK App

ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវ គោលនយោបាយការលើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌សេវាសង្គមកិច្ច និងកិច្ចគាំពារសង្គម សម្រាប់គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ។ 

ឯកឧត្តម បន្តថា ក្នុងឆ្នាំ ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អនុវត្តសម្រេចបានលទ្ធផលនូវសមិទ្ធផលសំខាន់ៗមួយចំនួនដូចជា៖

១- សេវាសុខុមាលភាពមនុស្សចាស់ អតីតយុទ្ធជន និងនិវត្តជន ត្រូវបានយកចិត្តទុកដាក់ និងពង្រឹង។ សមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ ត្រូវបានពង្រឹងបន្ថែមជាបន្តបន្ទាប់ ។ ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចប្តូរឈ្មោះពី សមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ដោយសម្រេចបញ្ចូលអតីតមន្ត្រីរាជការស៊ីវិលចូលក្នុងសមាគម និងដំឡើងថវិកាឧបត្ថម្ភពី ៤០០០ លានរៀល ទៅ ៨០០០ លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៦ តទៅ និងជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ១០០ ខ្នង ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។

២- សេវាកិច្ចការពារកុមារ នៅតែបន្តរីកចម្រើនឥតឈប់ឈរ កុមាររងគ្រោះត្រូវបានយកចិត្តទុកដាក់ និងទទួលបានការគាំពារ ស្របតាមបទដ្ឋាន និងគោលដៅកំណត់។ ការធ្វើអាជីវកម្មគ្រប់រូបភាពលើកុមារ អំពើហិង្សាលើកុមារ ការប្រើប្រាស់ពលកម្មកុមារ អំពើពេស្យាចារលើកុមារ ការជួញដូរកុមារ អំពើអនាចារ និងអសីលធម៌ផ្សេងៗលើកុមារត្រូវបានចាត់វិធានការបង្ការ អន្តរាគមន៍ និងទប់ស្កាត់បានទាន់ពេលវេលា។ គោលនយោបាយថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមា សម្រាប់ការថែទាំកុមារក្នុងមណ្ឌល និងសហគមន៍ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

៣- ការងារកិច្ចការគ្រួសារ ក្រសួងបាន និងកំពុងអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ សំដៅផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់គ្រួសារគោលដៅដែលបច្ចុប្បន្នកំពុងអនុវត្តសាកល្បងនៅខេត្តបាត់ដំបង តាមរយៈកម្មវិធីនេះគ្រួសារគោលដៅបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរ និងស្ដារជីវភាពឱ្យប្រសើរឡើង។

៤- កម្មវិធីបន្សាប ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានអនុវត្ត។ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនជាងមួយម៉ឺននាក់ក្នុងមួយឆ្នាំៗ ទទួលបានការបន្សាប ព្យាបាល ស្តារ នីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ មុននឹងធ្វើសមាហរណកម្មទៅកាន់គ្រួសារ និងសហគមន៍។ 

៥- សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។ ជនរងគ្រោះដោយអំពើជួញដូរមនុស្សរាប់វ័យនាក់ត្រូវបានសង្គ្រោះ អប់រំ ប្រឹក្សាយោបល់ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលរបស់អង្គការ មុននឹងធ្វើសមាហរណកម្មទៅសហគមន៍ និងធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសដើម ព្រមទាំងមានយន្តការតាមដានបន្ត ដើម្បីប្រាកដថាជនរងគ្រោះមានស្ថានភាពល្អប្រសើរ។

៦- សេវាសុខុមាលភាពជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់។ ជនមានពិការភាពជាងប្រាំបួនម៉ឺននាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទនៅតាមរាជធានី ខេត្ត ព្រមទាំងផ្តល់សោហ៊ុយធ្វើដំណើរ និងឧបត្ថម្ភជាប្រាក់អាហារ។ ក្រសួងបានបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរជូនជនមានពិការភាព បង្កឱកាសឱ្យជនមានពិការភាពចូលរួមកិច្ចការសង្គមយ៉ាង ពេញលេញ ស្មើភាព និងគ្មានការរើសអើង។ ជនមានពិការភាពជាងមួយម៉ឺននាក់ កំពុងបំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស និងវិស័យឯកជននានា។

៧- ការងារជួយគ្រួសារភៀសសឹក ក្រសួងបានយកចិត្តទុកដាក់ និងចាត់ទុកជាការងារអាទិភាពចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីជួយសម្រាលទុក្ខលំបាក ។ ក្រៅពីសកម្មភាពខាងលើ ក្រសួងបាននាំយកកញ្ចប់ជំនួយជូនដល់វីរកងទ័ពជួរមុខ ដែលជាការចូលរួមប្រកបដោយទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនពីគ្រប់ទិសទី។

៨- រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គមមួយចំនួនរួមមាន៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមាន គ្រួសារគោល ជនចាស់ជរា ជនមាន ពិការភាព អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន និងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាពិសេសស្ត្រី និងជនមានពិការភាព ដែលចំណាយ ថវិកាសរុបប្រមាណ ១៥៣,៣១ លានដុល្លារអាម៉េរិក។

៩- របបសន្តិសុខសង្គមត្រូវបានកែសម្រួល និងដំឡើងជាបន្តបន្ទាប់ ដោយប្រាក់សោធនអប្បបរមាដំឡើងដល់ ៨៤៥,០០០ រៀល ក្នុងមួយខែ។