ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា នៅខេត្តព្រៃវែង
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ចំនួន១១៦ឈុត ជូនទៅដល់ឃុំ-សង្កាត់ មានចំនួន១១៦ឃុំ-សង្កាត់ ក្នុងខេត្តព្រៃវែង។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ហៅកាត់ (DSPP) បានចូលរួមចំណែកជាកាតាលិករ ដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃការអនុវត្តក្រប់ខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្ត។ សមិទ្ធិផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង ពិសេសក៏បានបង្ហាញពីឆន្ទៈ និងការទទួលខុសត្រូវរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តគោលដៅយុទ្ធសាស្ត្រនៃ «ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម» របស់ រាជរដ្ឋាភិបាល រហូតសម្រេចបាននូវលទ្ធផលដ៏ល្អ គួរឱ្យកត់សម្គាល់។
ផ្អែកតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែចង្អុលបង្ហាញ និងធ្វើការណែនាំដល់មូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជាតិជំនួយសង្គម និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាទូទាំងរាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្រោម ការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាពិសេសការចូលរួមដាក់ឱ្យដំណើរការកម្មវិធីជាតិជំនួយសង្គមលើ «ថ្នាលឌីជីថលរួម» ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌនៃការធ្វើសុខដុមនីយកម្មនៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រប់ទិន្នន័យគាំពារសង្គម។
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា គឺជាសមិទ្ធផលរួមរបស់យើង និងជាកម្មវត្ថុនៃការបំពាក់នូវឧបករណ៍ចុះបញ្ជីគាំពារសង្គមនាពេលនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើបសម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបំពាក់កុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពខ្ពស់ កាមេរ៉ាថតផ្ទៃមុខ និងឯកសារ ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ/សង្កាត់ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែត ដែលបានផ្ដល់ជូននាពេលកន្លងទៅ។
ក្នុងន័យរួមចំណែកដល់ការសម្រេចឲ្យបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ជាពិសេសការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិ បត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា និយាយជារួម និងនិយាយដោយឡែកសំដៅ «កាត់បន្ថយជាអតិបរមានូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គមបែបវិមជ្ឈការ ត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុង ទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល ឱ្យក្លាយជាប្រព័ន្ធមួយដែលមានភាពប្រទាក់ក្រឡា គ្នាល្អ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តរយៈពេលវែង។



