ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីបុណ្យអង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី
ក្នុងឪកាសរដូវកាលបុណ្យកឋិនទានឆ្នាំនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានផ្តួចផ្តើមប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដង្ហែរទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី ស្ថិតនៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ព្រមទាំងបវារណាបច្ច័យ រួមទាំងទេយ្យវត្ថុ ទុកសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងសមិទ្ធផលនានា និងបានដោះស្រាយភាពខ្វះខាតក្នុងអារាមវត្តផងដែរ ។
ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន សខេង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ រួមទាំង ភ្ញៀវកិត្តិយសជាច្រើនទៀត។
ឯកឧត្តម ជា សុមេធី មានប្រសាសន៍ថា ពិធីបុណ្យកឋិនទាននេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណងសាមគ្គីភាពរវាងមន្ត្រីរាជការ ក្រុមគ្រួសារ និងសង្គម និងបានជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យចម្រើនរុងរឿងគង់វង្សយូរអង្វែង។
ឯកឧត្តម បញ្ជាក់ទៀតថា ដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយ នឹងការអភិវឌ្ឍន៏គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសបានធ្វើដំណើរកម្សាន ប្រកបមុខរបរកស៊ីបានដោយសេរី នឹងធ្វើបុណ្យទាន បានគ្រប់ទីកន្លែងទូទាំងប្រទេស។ នេះអាចឆ្លុះបញ្ចាំង អោយយើងឃើញអំពីជំនឿដ៏មុខមាំ របស់ប្រជាពុទ្ធបរិស័ក សប្បុរសជនយើង និងការប្ត្រាថ្ញាចិត្ត ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា និងបានលើកស្ទួយអោយកាន់តែរុងរឿងបន្ថែមទៀត។
តាមរយះបុណ្យអង្គកឋិនទានមហាសាមគ្គីនាពេលនេះ ឯកឧត្តម សូមឧទ្ទិសកុសលផលបុណ្យនេះជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន បុព្វបុរសខ្មែរ និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ក្នុងឪកាសនោះដែរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យ១ចំនួន សម្រាប់កសាងដំបូងសាលាឆាន់១ខ្នង ដែលមានទទឹងប្រវែង ២០,៣០ម៉ែត្រ និងបណ្តោយប្រវែង ៤៥,៣០ម៉ែត្រ រួមទាំងសមិទ្ធផលនានា ក៏ដូចជាតម្រូវការប្រើប្រាស់ផ្សេងៗក្នុងវអារាមវត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី។



