ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី បទដ្ឋានអប្បរមាសម្រាប់ជ្ឈមណ្ឌល មណ្ឌលបន្សាប-ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន 

ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភ ចំពោះបញ្ហាគ្រឿងញៀន ដែលបានចាត់ទុកថា ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពជាច្រើន ដែលត្រូវដោះស្រាយនៅចំពោះមុខ និងបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់ ឱ្យអស់ពីកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិស្ថាន ដែលបានគ្របដណ្តប់ជាស្នួល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របស់ប្រជាជន។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី បទដ្ឋានអប្បរមាសម្រាប់ជ្ឈមណ្ឌល មណ្ឌលបន្សាប-ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដល់ប្រធានមជ្ឈមណ្ឌល និងសិស្ស-និស្សិត បានយល់ដឹង អំពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលរៀបចំឡើងដោយ នាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន នៃអគ្គនាយកដ្ឋានស្តារសម្បទា នៅវិទ្យាស្ថានជាតិសង្គមកិច្ច នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ជា ចំណាន បន្តទៀតថា គិតមកដល់ឆ្នាំ២០២៥ នៅក្នុងឆមាសទី១នេះ មានជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលទាំងរដ្ឋ និងឯកជន ចំនួន២១កន្លែង នៅទូទាំងប្រទេស និងមានជនរងគ្រោះសរុប ៨៦៥៨នាក់ (ស្រី ៥៧២នាក់) ហើយចំនួននេះអាចប្រែប្រួលទៅតាមរយៈពេលនៃការព្យាបាល និងស្តារនីតិសម្បទា ស្របតាមស្ថានភាពសុខភាព របស់ជនរងគ្រោះម្នាក់ៗ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវផែនការយុទ្ធនាការ លើកទី១០ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យ ច្បាស់លាស់ ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហាជារបស់សង្គមជាតិ។ ជាពិសេស ការជំរុញលើកទឹកដល់វិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលបន្សាប-ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមបណ្តារាជធានី-ខេត្ត បានចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហា ចំពោះអ្នកញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាល នៅតាមមណ្ឌលបណ្តោះអាសន្ននានា ហើយអ្នកជំងឺទាំងអស់នោះ នឹងត្រូវពិនិត្យវាយតម្លៃ ស្របតាមលក្ខខណ្ឌនៃការបញ្ជូន ដើម្បីស្នាក់នៅបន្សាប-ព្យាបាល និងស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ បំណិនជីវិត រយៈពេលខ្លី និងមធ្យមនៅក្នុងមជ្ឈមណ្ឌល មុននឹងសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ។

ឯកឧត្តម រដ្ឋលេខាធិការ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ-បុគ្គលិក និងអ្នកស្ម័គ្រចិត្ត នៅតាមមជ្ឈមណ្ឌលទាំងអស់ ដែលបានបំពេញតួនាទី ប្រកបដោយការប្តេជ្ញាចិត្ត វិជ្ជាជីវៈ និងក្តីស្រឡាញ់ចំពោះជនរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល គឺជាមូលដ្ឋានគ្រឹះ នៃការស្តារនីតិសម្បទា ដោយជោគជ័យ តាមរយៈការបង្កើតបរិយាកាសមួយពោរពេញ ដោយក្តីសង្ឃឹម ឆ្ពោះទៅអនាគតថ្មី។

ក្នុងឪកាសនោះដែរ ឯកឧត្តម ជា ចំណាន ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ដែលបានផ្តល់កិច្ចសហការ សម្របសម្រួលរៀបចំ ដល់នាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន នៃអគ្គនាយកដ្ឋានស្តារ ជាពិសេស នាពេលនេះ បានបើកវគ្គបណ្តុះបណ្តាល ជូនដល់ប្រធាមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏ដូចជាក្មួយៗនិស្សិត វិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបានយកទៅអនុវត្ត និងក៏ជាលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំឡើង ដើម្បីលើកកម្ពស់សុខុមាលភាព និងការស្តារនីតិសម្បទា ដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ឱ្យទទួលបានសេវាប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។