ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយទៅក្នុងពន្ធនាគារ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ក្រសួងកិច្ចការនារី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោ២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារដែលជាកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាល។
លោកជំទាវកិត្ដិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី មានប្រសាសន៍ថា បន្ទាប់ពីទទួលបានយោបល់ត្រលប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការគិតគូរដល់ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះនៅក្នុងពន្ធនាគារ រួមមាន ស្នើរៀបចំបង្កើតជារបប កម្មវិធីសម្រាប់ផ្តល់អត្ថប្រយោជន៍ជូនដល់ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ព្រោះថា បើទោះបីជាម្តាយត្រូវជាប់ពិរុទ្ធក៏ដោយ តែទារកនៅក្នុងផ្ទៃ និងកូនតាមម្តាយនៅក្នុងពន្ធនាគារមិនមានកំហុសនោះទេ ។ហេតុនេះក៏ត្រូវតែទទួលបាននូវការគិតគូរដល់សុខុមាលភាពរបស់ពួកគាត់ តាមរយៈការផ្តល់ការគាំពារប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» និងសូមស្នើរៀបចំឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពន្ធនាគារដល់ស្រ្តីដែលកំពុងជាប់ឃុំ ដើម្បីអាចមានលទ្ធភាពចិញ្ចឹមជីវិត នៅពេលមានចេញពីពន្ធនាគារផងដែរ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានប្រសាសន៍ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរួចមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាសេនាធិការ បានរួសរាន់សហការក្នុងការសិក្សា ពិនិត្យ រៀបចំយន្តការ បទដ្ឋានគតិយុត្តិ នីតិវិធី និងបច្ចេកទេស ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ និងមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម រហូតដល់ឈានសម្រេចបាននូវការឯកភាព និងការដាក់ចេញជាផ្លូវការ ពីរាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ មិនមែនជាកម្មវិធីថ្មីដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្តនោះទេ កម្មវិធីនេះ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៩ ដោយមានវិសាលភាពគ្របដណ្តប់លើគ្រួសារមានបណ្ណសមធម៌ ហើយបានពង្រីកទំហំប្រាក់ឧបត្ថម្ភនៅខែសីហា ឆ្នាំ២០២៣។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពគ្របដណ្តប់ ដល់សមាជិក ប.ស.ស ជាកម្មករ និយោជិត មន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកំពុងអនុវត្តដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈ របាយការណ៍របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា កម្មវិធីនេះ បានគ្រប់ដណ្តប់លើពន្ធនាគារ និងមណ្ឌលចំនួន ២៦ទីតាំង ដែលមានជនជាប់ឃុំជាស្រ្តី និងមានកូនម្តាយនៅក្នុងពន្ធនាគារ។ បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការចុះឈ្មោះអ្នកទទួលផលសរុបចំនួន ១១២នាក់ ក្នុងនោះ ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះចំនួន ៣៦នាក់ ជាស្រ្តីសម្រាលកូន ១នាក់ និងជាកូនអាយុក្រោម ២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារចំនួន ៧៥នាក់។
ឯកឧត្តម លឹម សុខា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារជាតិ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធនាគារ ពិតជាមានមោទនភាពចំពោះការដាក់ចេញនូវកម្មវិធីថ្មីនេះ ហើយពេញចិត្តរួមសហការក្នុងការគាំទ្រដល់ដំណើរការនៃការអនុវត្តកម្មវិធី ឱ្យដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។
ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលបានចាប់បដិសន្ឋិតាំងពីឆ្នាំ២០១៩មក បានធ្វើការពង្រីកវិសាលភាពជាបន្តបន្ទាប់ រហូតមកត្រឹមខែមេសា ឆ្នាំ២០២៥នេះ បានផ្តល់ការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះជិត ១,៥លាននាក់ ដែលក្នុងនោះ អ្នកមានបណ្ណសមធម៌ប្រមាណជា ៤៤ម៉ឺននាក់ និងសមាជិក ប.ស.ស ជាង ៩៧ម៉ឺននាក់។ បន្ថែមពី ក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បាននឹងកំពុងសម្របសម្រួលការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិជាស្ត្រី នាពេលឆាប់ៗខាងមុខនេះ។