ក្រសួងមុខងារសាធារណៈ រៀបចំពិធីចាប់ប៉ុស្តិ៍បែងចែកទីតាំងការងារជូនបេក្ខជនបម្រុងគ្រូបង្រៀនបឋមសិក្សា ៧៤០ រូប ទៅកាន់សាលាគោលដៅនៅ ២៣ រាជធានី-ខេត្ត
ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីចាប់ប៉ុស្តិ៍បែងចែកទីតាំងការងារជូនបេក្ខជនបម្រុង ដែលបានប្រឡងជាប់កាលពីឆ្នាំ២០២៥ ដើម្បីចូលបំពេញការងារជាគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ ទៅតាមតម្រូវការជាក់ស្តែងនៅតាមសាលាគោលដៅក្នុង ២៣ រាជធានី-ខេត្ត។
លោក ម៉េង ម៉ង់ទិត អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការកណ្ដាល បានបញ្ជាក់ឱ្យដឹងថា កម្មវិធីចាប់ប៉ុស្តិ៍នេះប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា) ដើម្បីបែងចែកបេក្ខជនសរុប ៧៤០ រូប ទៅកាន់សាលាគោលដៅចំនួន ១,៣០៤ សាលា (ត្រូវជា ៥៩៦ ឃុំ-សង្កាត់) ក្នុង ២៣ រាជធានី-ខេត្ត (លើកលែងតែរាជធានីភ្នំពេញ និងខេត្តកែប)។
លោកបានបន្តថា ការសម្រេចយកបេក្ខជនបម្រុងកាលពីឆ្នាំ២០២៥ មកប្រើប្រាស់បន្ថែមនេះ គឺជាការគិតគូររបស់ថ្នាក់ដឹកនាំ ដើម្បីប្រើប្រាស់ «បណ្ដុំនៃគ្រូបង្រៀន» (Pool of Teachers) ដែលបានជ្រើសរើសរួច ស្របតាមអនុក្រឹត្យ និងអនុសាសន៍ដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។
លោក ក៏បានគូសបញ្ជាក់បន្ថែមថា បេក្ខជនដែលចាត់ទុកថា «បោះបង់សិទ្ធិស្ថាពរ» គឺជាអ្នកដែលមានឈ្មោះក្នុងសេចក្តីសម្រេចបែងចែកទីតាំងការងារកន្លងមក ប៉ុន្តែមិនបានទៅចុះឈ្មោះរៀន ឬមិនបានទៅបង្ហាញខ្លួននៅសាលារៀន។ ចំណែកអ្នកដែលមកចាប់ប៉ុស្តិ៍នាពេលនេះ គឺជាបេក្ខជនដែលមិនទាន់មានឈ្មោះក្នុងសេចក្តីសម្រេចបែងចែកនាពេលកន្លងមកនោះទេ។


