ក្រសួងមុខងារសាធារណៈ រៀបចំវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ»

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ»។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា វិបស្សនា នាថ្ងៃនេះមានគោលបំណងដើម្បី (១)ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់ដែលសម្រេចបាន ជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ (២)ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ (៣)តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតី មូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាវិបស្សនា នាថ្ងៃនេះ ក៏ជាឱកាសឱ្យយើងទាំងអស់គ្នា ពិភាក្សាគ្នាឱ្យអស់សេចក្តី ទាំងក្នុងទិដ្ឋភាពនយោបាយ បច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យមើលខ្លួនឯងឡើងវិញ អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនឱ្យកាន់តែរឹងមាំ សម្រាប់បន្តអនុវត្ត ទិសដៅការងារបន្តទៀត។
សូមជម្រាបថា វិបស្សនាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈថ្នាក់កណ្តាល និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបប្រមាណ ៦០០រូប៕