ក្រសួងមុខងារសាធារណៈ ប្រារព្ធទិវាអន្តរជាតិនារី លើកទី១១៥ ដោយរំលេចនូវការដឹងគុណចំពោះ «ស្ត្រីជាកម្លាំងចលករនៃសន្តិភាព»

​ក្នុងស្មារតីលើកកម្ពស់តម្លៃស្រ្តីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

​យោងតាមរបាយការណ៍របស់ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាប្រធានក្រុមកការងារយេនឌ័រនៃក្រសួង បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងចំណោមមន្ត្រីរាជការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានកោតសរសើរចំពោះមន្ត្រីរាជការជាស្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ។

​ដើម្បីឆ្លើយតបទៅនឹងទិសដៅការងារទៅមុខ ឯកឧត្តម ហ៊ុន ម៉ានី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមមាន÷
(១)បន្តយកចិត្តទុកដាក់បង្កលក្ខណៈអំណោយផលដល់បេក្ខជនជាស្ត្រី ចូលរួមប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ទាំងក្រសួង​ ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, (២)បន្តអនុវត្តដោយយកចិត្តទុកដាក់ស្របតាមបទដ្ឋានគតិយុត្តក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ផ្តល់គ្រឿងឥស្សរិយយស និងតែងតាំងមន្ត្រីរាជការស៊ីវិលដែលមានអតីតភាព សមត្ថភាព និងគុណវុឌ្ឍិសមស្របនឹងការងារទៅក្នុងមុខតំណែងគ្រប់កម្រិត, (៣)បន្តលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ទទួលបាននូវការបណ្តុះបណ្តាលនានា បង្កើនសមត្ថភាព និងជំនាញប្រតិបត្តិការងាររបស់ខ្លួន, (៤)បន្តអនុវត្តការងារបញ្ជ្រាបយែនឌ័រ និងលើកកម្ពស់សមត្ថភាពយេនឌ័រនៅក្នុងវិស័យមុខងារសាធារណៈ ឱ្យបានទូលំទូលាយ និង (៥)សូមលើកទឹកចិត្តដល់ភរិយាជាថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការស្ត្រី នៃក្រសួងមុខងារសាធារណៈ ដែលមិនទាន់បានចូលរួមជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សូមបន្តចូលរួមឱ្យបានទាំងអស់គ្នា និងលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាបុរស ជួយគាំទ្រទាំងសម្ភារ និងថវិកា ដើម្បីគាំទ្រឱ្យសមាគមបន្តដំណើរការដោយរលូន និងទទួលបានភាពជោគជ័យ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងយុទ្ធនារីជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារមាតុភូមិ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានរំលេចនូវតួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយ ជាភរិយា និងជាសមាជិកគ្រួសារកងទ័ព ដែលជាបង្អែកស្មារតី និងជាអ្នកលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីជំរុញឱ្យស្វាមី និងកូនៗ បំពេញបេសកកម្មបម្រើជាតិដោយជោគជ័យ។
​ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់បំផុត ក្នុងការចូលរួមថែរក្សាសន្តិភាព និងសន្តិសុខជាតិ»។