ក្រសួងមុខងារសាធារណៈ បើកវេទិកាផ្សព្វផ្សាយការងារកែទម្រង់នៅក្រចេះ ខណៈសាកលវិទ្យាល័យក្រចេះ បង្ហាញមោទនភាពលើអតីតនិស្សិត ៩០% មានការងារធ្វើ
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាកលវិទ្យាល័យក្រចេះ ក្រសួងមុខងារសាធារណៈ បានរៀបចំ «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន» លើកទី២ យ៉ាងមហោឡារិក។ អង្គវេទិកានេះ បានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ យុវជន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត ព្រមទាំងអ្នកសារព័ត៌មាន ចូលរួមយ៉ាងកុះករសរុបប្រមាណ ៣០០រូប។
ក្នុងមតិបើកស្វាគមន៍ លោក គី វិសាល សាកលវិទ្យាធិការរង តំណាងឱ្យ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈ ដែលបានជ្រើសរើសសាកលវិទ្យាល័យក្រចេះ ជាមណ្ឌលផ្សព្វផ្សាយ។លោកសាកលវិទ្យាធិការរង បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យរដ្ឋដំបូងគេនៅភូមិសាស្ត្រភាគឥសានមួយនេះ ដែលបច្ចុប្បន្នបណ្តុះបណ្តាលបាន ៩ជំនាន់ ដោយមានអតីតនិស្សិតប្រមាណ៩០% មានការងារធ្វើ ក្នុងនោះមានជិត ៤០រូប បានប្រឡងជាប់ជាមន្ត្រីឃុំ-សង្កាត់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលបានជ័យលាភីឆ្នើមៗលំដាប់តំបន់លើផ្នែកប្រកួតប្រជែងសហគ្រិនភាពនៅប្រទេសវៀតណាម និងកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ លោកសាកលវិទ្យាធិការរង ក៏បានប្រកាសបើកទ្វារយ៉ាងទូលំទូលាយ និងសម្ដែងនូវការស្វាគមន៍យ៉ាងរីករាយចំពោះគ្រប់បណ្តាវេទិកាផ្សព្វផ្សាយទាំងអស់ ទាំងបណ្តាក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។ លោកបានគូសបញ្ជាក់យ៉ាងលម្អិតថា សាកលវិទ្យាល័យក្រចេះ តែងតែត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់កិច្ចសហការ និងស្វាគមន៍ចេញពីបេះដូងចំពោះរាល់កម្មវិធី ឬវេទិកាទាំងឡាយណា ដែលមានបំណងចុះមកពង្រឹងពង្រីកចំណេះដឹង បណ្ដុះស្មារតី ព្រមទាំងបង្កើតអន្តរកម្មស្ថាបនាដ៏មានសារៈសំខាន់ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសហគមន៍អប់រំនៅតាមមូលដ្ឋាន។ លោកក៏បានផ្ដាំទៅកាន់ក្រុមការងារបច្ចេកទេសនៃបណ្ដាស្ថាប័ននានាថា ប្រសិនបើមានកម្មវិធី ឬយុទ្ធនាការអប់រំណាមួយ អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់សាកលវិទ្យាល័យ ដើម្បីរួមគ្នារៀបចំកម្មវិធីឱ្យបានកាន់តែរលូន ជោគជ័យ និងបង្កើតបានជាផលជះវិជ្ជមានសម្រាប់យុវជនជំនាន់ក្រោយ។



