ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»

នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ ពិធីប្រកាសបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងមុខងារសាធារណៈ និងក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្ន័យមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់មន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅរៀបផែនការពង្រឹងសមត្ថភាពមន្ត្រី បំរើការងារចំគោលដៅ បំរើឱ្យការធ្វើផែនការ គោលនយោបាយគ្រប់គ្រងធនធានមនុស្ស បង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ បង្កើនប្រសិទ្ធភាពប្រកួតប្រជែងរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។
ការធ្វើជំរឿន ពិតជាមានសារៈសំខាន់ហើយជាមូលដ្ឋានគ្រឹៈ គ្រប់គ្រងនិងអនុវត្តវិស័យមុខងារសាធារណៈ និងជាការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ។
ទិន្ន័យនៃការធ្វើជំរឿន នឹងជួយរាជរដ្ឋាភិបាលក្នុងកាវាយតំលៃមូលធនមនុស្ស នៅតាមក្រសួងស្ថាប័ន អង្គភាពនីមួយៗ និងការពង្រីកចំនួនមន្ត្រីជំនាញ ចំគោលដៅការងារ។
ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យកាន់តែខ្លាំង មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។