ក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»

ក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំង២។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរាយការណ៍សង្ខេបអំពីរចនាសម្ព័ន្ធ និងបច្ចុប្បន្នភាពមន្ត្រីនៃ ក.អ.ក. និងវឌ្ឍនភាបនៃការធ្វើវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ ក.អ.ក.។ ក្នុងនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ ក.អ.ក. បានកំណត់ការងារស្នូល ចំនួន៣ រួមមាន៖ ១).ការដឹកនាំ សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ២).ការដឹកនាំ គ្រប់គ្រង និងជំរុញការវិនិយោគឯកជន និងការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចពិសេស និង ៣).ការដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ ព្រមទាំងអមដោយមុខងាររងចំនួន១៣។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា “ក្រោយពីបានវិភាគមុខងារ ក.អ.ក. ក៏បានកាត់បន្ថយចំនួននាយកដ្ឋាន ពីចំនួន ២៦នាយកដ្ឋាន មកនៅត្រឹម ២១នាយកដ្ឋានវិញ។ ក្រោយពីទទួលបានការណែនាំពីក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសការកែទម្រង់រដ្ឋបាលសាធារណៈនៃ ក.អ.ក. បានចូលរួម និងដឹកនាំកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធានាបាននូវសង្គតិភាព និងភាពត្រឹមត្រូវនៃសេចក្តីព្រាងអនុវក្រឹត្យ និងពិភាក្សាលើតួនាទី ភារកិច្ច ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» «ការរៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។”
សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕