ក្រសួងមុខងារសាធារណៈរៀបចំការប្រឡងជ្រើសរើសមន្រ្ដីចំនួន២ក្របខណ្ឌ

នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៣៧២កន្លែង និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន៨កន្លែង។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ នាថ្ងៃនេះមានបេក្ខជនចូលរួមប្រឡងសរុបប្រមាណ ៥,០០០នាក់ ដោយក្នុងនោះបេក្ខជនចំនួន ៤,៨១៣នាក់ ស្រី ២,២២៣នាក់ ប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ មកពីបណ្តា ២៣ខេត្តទូទាំងប្រទេស ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ (១)វិញ្ញាសាសរសេរជំនាញកសិកម្ម (២)វិញ្ញាសាសរសេរភាសាអង់គ្លេស និង (៣)វិញ្ញសាពហុចម្លើយចំណេះដឹងទូទៅ។ ការប្រឡងប្រជែងវិញ្ញាសាសរសេរជំនាញកសិកម្ម ចាប់ផ្តើមវេលាម៉ោង ១២ថ្ងៃត្រង់ ដោយធ្វើការប្រឡងតែមួយដំណាក់កាលនេះប៉ុណ្ណោះ។ រីឯការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី១) មានបេក្ខជនចូលរួមចំនួន ២៩៨នាក់ ក្នុងនោះស្រី ១១៣នាក់ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាពហុចម្លើយ ដែលការប្រឡងទាំងពីរក្របខណ្ឌនេះធ្វើឡើងនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្ដីការគណៈរដ្ឋមន្ដ្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ជាមួយគ្នានេះ សម្រាប់ការប្រឡងនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំតាក់តែងវិញ្ញាសានៅពេលព្រឹកនៃថ្ងៃប្រឡង ហើយការប្រឡងនឹងចាប់ផ្ដើមពេលរសៀល សំដៅធ្វើយ៉ាងណាធានាមិនឱ្យមានការ បែកធ្លាយវិញ្ញាសា។  រាល់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាអ្នករៀបចំតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ព្រមទាំងអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។

សូមជម្រាបជូនថា ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកល វិទ្យាល័យ តំណាងសាធារណជន អ្នកសារព័ត៌មាន និងយន្តការផ្ទៃក្នុង របស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ៕