ក្រសួងមុខងារសាធារណៈបើកដំណើរការកំណែវិញ្ញាសាសរសេរលើកទី១ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធក្នុងដំណើរការប្រឡងបានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី១៨ម្សិលមិញនេះ ដោយក្នុងនោះមានបេក្ខជនចំនួន ៥០៧អង្គ/នាក់ បានចូលរួមការប្រឡងប្រជែង។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។

សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ និងដាក់តម្កល់ក្នុងបន្ទប់ដែលមានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ តំណាងសាធារណៈជន និង តំណាង ស.ស.យ.ក។

សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៨:២០ព្រឹក ដោយមានសមាសភាពអ្នកកែសរុប២០ នាក់តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មានមកពីស្ថាប័នអង្គភាពជាច្រើនផ្សេងទៀត ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី គ្រោងនឹងធ្វើឡើងក្នុងថ្ងៃដដែលនេះ។សម្រាប់បេក្ខជនដែលនឹងជាប់លើវិញ្ញាសាលើកទី១នេះ នឹងត្រូវត្រៀមខ្លួូនបន្តប្រឡងវិញ្ញាសាសរសេរលើកទី២ នាថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕