ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីជំរុញ និងពង្រឹងការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ,
(ភ្នំពេញ)៖ ដើម្បីជំរុញ និងពង្រឹងការងារអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានចាត់ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ និងមន្ត្រីជំនាញ ដើម្បីធ្វើបទបង្ហាញស្តីពីការអនុវត្តគោលនយោបាយនេះ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន បានយល់ដឹង កាន់តែច្បាស់បន្ថែមទៀត ហើយចូលរួមផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងពត៌មាន
ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» សំដៅលើ សហគមន៍ ដែលមានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមល្អប្រសើរ រក្សាបាននូវបរិស្ថានធនធានធម្មជាតិ និងអនាម័យ ប្រជាពលរដ្ឋ ទទួលបានការផ្តល់សេវានានាប្រកបដោយគុណភាព តម្លាភាព និងរស់នៅប្រកប ដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។
គោលបំណង នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គឺកសាងនិងពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជន កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំង លើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋាន និងឈានទៅការបង្កើនល្បឿននៃការកាត់បន្ថយ ភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺជាគោលនយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ តាមរយៈការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ការការពារបរិស្ថាន និងការលើកកម្ពស់អនាម័យ និងសុខុមាលភាពសង្គម។
តាមរយៈកិច្ចប្រជុំនេះ ក្រសួងទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយឱ្យទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ បង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋលើសេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋាភិបាលនៅគ្រប់កម្រិត៕



