ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី ជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័ត នឹងត្រូវបានប្រើប្រាស់ សម្រាប់ការរៀបចំផែនការតាមវិស័យ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សង្ឃឹម និងជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តរួចនេះ នឹងត្រូវបានចាត់ចែងអនុវត្ត និងប្រើប្រាស់សម្រាប់ការរៀបចំផែនការតាមវិស័យនៅក្នុងក្រុង ស្រុកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងតម្រង់ទិសដល់ការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍នានា និងឆ្លើយតបបានត្រឹមត្រូវនូវតម្រូវការចាំបាច់ជាអាទិភាព និងបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ថា ការងារនេះជាការងារថ្មីមួយដែលរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនពុំធ្លាប់បានរៀបចំ និងចាត់ចែងអនុវត្ត ហេតុនេះ ឯកឧត្តមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាប់ផ្តើមម្ចាស់ការរៀបចំ និងជំរុញការកសាង និងការអនុវត្តផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ខ្លួន និងចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី ការរៀបចំទីក្រុង និងទីប្រជុំជនសម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមនីយកម្ម និងស៊ីវិល័យ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងផែនការអភិវឌ្ឍន៍ជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុមដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង សុខភាពល្អ និងមានភាតរភាពជាបងប្អូន។
ពិធីបិទកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕