ក្រសួងមហាផ្ទៃ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥

ក្រុមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់មិត្តភាព យុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ បន្ទាប់ពីយកឈ្នះ ក្រុមក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ។

ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវគណៈកម្មការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវអនុប្រធាន ស.ស.យ.ក. តំណាងមន្ទីរជំនាញ តំណាងក្រុមហ៊ុន សហការឧបត្ថម្ភ តំណាងក្រសួងស្ថានប័ន រួមទាំងបងប្អូនសាធារណជន និងសិស្ស និស្សិតប្រមាណ ១៥០០នាក់។

ថ្លែងបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន មានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” រៀបចំឡើងលើកដំបូង នៅឆ្នាំ២០១៣ មានការចូលរួមចំនួន ០៩ ក្រុម ប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២៥នេះ គឺមានការចូលរួមរហូតដល់ ៣៥ ក្រុម ដែលនេះជាកំណត់ត្រាថ្មីសម្រាប់ការប្រកួត ក្រោមការណែនាំ និងតម្រង់ទិសដោផ្ទាល់ពីសំណាក់ឯកឧត្តមប្រធាន។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា៖ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ បើទោះបីភាគីណាមួយទទួលបាននូវលទ្ធផលយ៉ាងណាក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូប សុទ្ធតែបានទទួលបាននូវសមិទ្ធិផលសម្រាប់ខ្លួនឯង នោះគឺសាមគ្គីភាព និងមិត្តភាពរវាងគ្នា និងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។

ឯកឧត្តម ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀបចំ សម្របសម្រួលការប្រកួត ព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឱ្យកម្ពុជា បានឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានជ័យលាភីជើងឯករងផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាការវិវត្តខ្លួនមួយជំហានទៀត របស់ក្លឹបបាល់ទាត់កម្ពុជាក្នយងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាព។

សូមបញ្ជាក់ថា សម្រាប់ចំណាត់ថ្នាក់ក្រុមទទួលបានជ័លាភី ក្នុងពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ មាន ម្ចាស់ជើងឯក បានទៅលើ ក្រុមក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមក្រសួងការពារជាតិ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រសួងសុខាភិបាល ។

គួររំលឹងថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី៩ ក្រុមក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញអស់រយ:ពេល ៧០នាទី យកឈ្នះក្រុមក្រសួងសុខាភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤៕