ក្រសួងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងសមាជិកគ្រួសាររបស់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន ដើម្បីសម្រួលដល់ការធ្វើឯកសារផ្លូវការ និងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណ

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ការធ្វើឯកសារផ្លូវការ និងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណនីមួយៗ ក្រុមការងារចល័តនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចុះបំពេញបែបផ្តល់ថ្មី និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រួសារសាច់ញាតិ នៅក្រសួងព័ត៌មាន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ។

នៅក្នុងឱកាសនេះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានអញ្ជើញមកបំពេញបែបផ្តល់ថ្មី និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ផងដែរ។

នៅមុនដំណើរការងារនេះ ក្រសួងព័ត៌មាន បានធ្វើការជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការ និងគ្រួសាររបស់មន្ត្រីរាជការទាំងអស់ នៃក្រសួងព័ត៌មាន ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជិតផុតសុពលភាព (តិចជាង ឬត្រឹម ១៨០ថ្ងៃ) ឬហួសសុពលភាព សូមអញ្ជើញមកបន្តសុពលភាព ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវរួមមាន ១. ឯកសារសម្រាប់ការថតផ្តល់ថ្មី៖សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

២. ឯកសារសម្រាប់ការបន្តសុពលភាព៖

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមានសុពលភាពក្រោម ១៨០ថ្ងៃ

សៀវភៅស្នាក់នៅច្បាប់ដើម (ករណីផ្លាស់ប្តូរអាស័យដ្ឋាន)។

តាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានឲ្យដឹងថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល “១០ឆ្នាំ” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព “អចិន្រ្តៃយ៍” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។

ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ។

ដូច្នេះក្នុងឱកាសនៃការរៀបចំនៅក្រសួងព័ត៌មាន គឺធ្វើឡើងក្នុងគោលបំណងបង្កើនភាពងាយស្រួលជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងការងាររដ្ឋបាល និងសកម្មភាពប្រចាំថ្ងៃ។ ក្រុមការងារពាក់ព័ន្ធបានចុះអនុវត្តការងារដោយផ្ទាល់ ដើម្បីប្រមូលទិន្នន័យ ថតរូប និងបំពេញនីតិវិធីតាមបច្ចេកទេស ស្របតាមបទដ្ឋានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សកម្មភាពនេះក៏បង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ៕