ក្រសួងព័ត៌មាន និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាលមន្រ្តីបង្គោលក្រសួងព័ត៌មាន ស្តីពី “ការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ក្នុងវិស័យព័ត៌មាន “

( ភ្នំេពេញ )៖ វគ្គបណ្តុះបណ្តាលមន្រ្តីបង្គោលក្រសួងព័ត៌មានស្តីពី “ការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ក្នុងវិស័យព័ត៌មាន “ រៀបចំឡើងដោយ ក្រសួងព័ត៌មាន និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងព័ត៌មាន និង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

ឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋ លេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានគ្រោះមហន្តរាយ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ដោយមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, មន្ត្រី នៃអគ្គនាយកដ្ឋានទាំង៥ និង App របស់ក្រសួងព័ត៌មាន សរុបចំនួន ១២០រូប ដើម្បីទទួលបាននូវចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្តោតលើយុទ្ធសាស្រ្តការផ្សព្វផ្សាយព័ត៌មាន ឱ្យទៅដល់មូលដ្ឋានដែលងាយរងគ្រោះ និងកំពុងរងគ្រោះ ។

ឯកឧត្តម គីម វីរៈ ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិត ផ្តួចផ្តើមរបស់ក្រសួងព័ត៌មាន ដែលបានមើលឃើញយ៉ាងច្បាស់ពីតួនាទីគន្លឹះរបស់វិស័យព័ត៌មាន ក្នុងកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ។ ជាមួយនេះ ក៏ថ្លែងការកោត សរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយរបស់ជាតិ។

ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា 

តួនាទីរបស់ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការគន្លឹះ ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃវដ្តគ្រោះមហន្តរាយ ដូចជា ក្នុងដំណាក់កាលត្រៀមបង្ការ ព័ត៌មានដើរតួជា អ្នកអប់រំសាធារណៈ និងការប្រកាសឱ្យ ដឹងមុនអំពីហានិភ័យ, ក្នុងតំណាក់កាលឆ្លើយតបសង្គ្រោះបន្ទាន់ ព័ត៌មានដើរតួជាឧបករណ៍សម្របសម្រួល និងដំណាក់កាលស្ដារឡើងវិញ ព័ត៌មានដើរតួជាអ្នកកសាងទំនុកចិត្ត និងស្តារស្ថេរភាពសង្គម ឡើងវិញ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម គីម វីរៈ បានលើកឡើងពីគោលការណ៍សំខាន់បំផុតរបស់យើង គឺត្រូវប្រែក្លាយពីការយកចិត្តទុកដាក់លើឆ្លើយតបបន្ទាន់ ទៅជាការយកចិត្តទុកដាក់លើវិធានការបុរេសកម្ម។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយដែលមានភាពធន់ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុយ សារ៉ាវុធ បានជម្រាបជូនពីគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ 

គឺការតម្រង់ទិស និងបង្កើនសមត្ថភាពដល់មន្ត្រីបង្គោលក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន ឱ្យទទួលបាននូវចំណេះដឹង និងជំនាញ គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងពេលកើត មានគ្រោះមហន្តរាយកើតឡើងនៅតាមភូមិសាស្ត្ររបស់ខ្លួន។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គ្រោះមហន្តរាយបានកើតឡើងគ្រប់ទម្រង់ ដែលបណ្តាលឱ្យមានបញ្ហាប្រឈមឥត ឈប់ឈរ និងបានគំរាមកំហែងកាន់តែខ្លាំងឡើងតាមការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកលលោក។ កត្តាទាំងនេះហើយបានជាគ្រោះមហន្តរាយតូចក្តី ធំក្តី តែងតែបន្សល់ទុក នូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងសង្គម។ បច្ចុប្បន្ននេះគ្រោះមហន្តរាយបាននិង កំពុងកើតឡើងជាញឹកញាប់ កាន់តែធ្ងន់ធ្ងរ និងកាន់តែពិបាកប៉ាន់ប្រមាណ។ ជាក់ស្តែងនា ពេលថ្មីៗនេះនៅបណ្តាប្រទេសក្នុងតំបន់មានការរញ្ជួយដី ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើង និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ។ 

ដូច្នេះហើយ ឯកឧត្តម គណៈអធិបតី រំពឹងថា មន្ត្រីជាសិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ នឹងទទួលបានបទពិសោធន៍ថ្មីៗអំពីការគ្រប់គ្រងព័ត៌មាន និងយុទ្ធសាស្ត្រផ្សព្វផ្សាយ ដើម្បីអនុវត្តនៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន៕