ក្រសួងព័ត៌មាន និងក្រសួងមុខងារសាធារណៈសហការគ្នាធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “នីតិវិធីនៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង”ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ និងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល,
(ភ្នំពេញ)៖ សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី “នីតិវិធីនៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង” ដល់មន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ សាលចតុម្មុខមង្គល ទីស្តីការ
ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន និង ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៃគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ ក្រសួងមុខងារសាធារណៈ។
សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សា និងប្តូរយោបល់អំពីវិធីសាស្ត្រកំណត់មុខតំណែងឱ្យបានច្បាស់លាស់ ស្របតាមតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធអង្គភាព។ ព្រមទាំងបានបង្ហាញពីសារៈសំខាន់នៃការរៀបចំពិពណ៌នាមុខតំណែង ដែលជាឧបករណ៍សំខាន់ក្នុងការគ្រប់គ្រងធនធានមនុស្ស ការវាយតម្លៃការងារ និងការកែលម្អប្រសិទ្ធភាពអង្គភាព។
តាមរយៈសិក្ខាសាលានេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីក្រសួងព័ត៌មាន ដែលបានចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ អាចយកទៅអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួន ដើម្បីធានាបាននូវការបែងចែកភារកិច្ចយ៉ាងមានប្រសិទ្ធភាព បង្កើនភាពច្បាស់លាស់ក្នុងតួនាទី និងរួមចំណែកលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។
បន្ថែមពីនេះ ក៏មានការចែករំលែកបទពិសោធន៍ជាក់ស្តែង និងការពិភាក្សាផ្លាស់ប្តូរយោបល់រវាងអ្នកចូលរួម ដើម្បីបង្កើនការយល់ដឹង និងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ។
សិក្ខាសាលានាឱកាសនេះត្រូវបានវាយតម្លៃថា ជាវេទិកាសំខាន់មួយក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់គុណភាពការគ្រប់គ្រងធនធានមនុស្ស ដោយធានាថា មុខតំណែងនីមួយៗមានការកំណត់ច្បាស់លាស់ និងអាចវាស់វែងលទ្ធផលការងារបានយ៉ាងប្រសើរ៕



