ក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រុមហ៊ុន COFCO Biotechnology ចុះMOUនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម កម្ពុជា និងក្រុមហ៊ុន COFCO Biotechnology នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះ MOU សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺន តោន ទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦។

ពិធីចុះហត្ថលេខាយោគយល់គ្នាក្នុងការនាំចេញដំឡូងមីស្ងួតធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួត ៥០០ ០០០ តោន ទៅប្រទេសចិនបន្ថែមពីលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលនេះបង្ហាញឱ្យឃើញពីវឌ្ឍនភាពនិងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញដំឡូងមីបានប្រមាណ ៤៤៥ លានដុល្លារ ធ្លាក់ចុះ ១០,៩២% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ជិត ៥០០ លានដុល្លារ៕