ក្រសួងផែនការរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីទទួលបានព័ត៌មានដែលមានគុណភាព ភាពជឿជាក់ និងទាន់ពេលវេលា សម្រាប់ការសម្រេចចិត្ត និងការរៀបចំផែនការអភិវឌ្ឍ
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដើម្បីប្រកាសផ្សព្វផ្សាយ ជាផ្លូវការដល់អ្នកប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ និងសាធារណជននូវទិន្នន័យ និងសូចនាករផ្លូវការ ស្តីពីស្ថានភាពទីផ្សារការងាររបស់ប្រទេសកម្ពុជា ដែលប្រមូលបានតាមស្តង់ដារស្ថិតិជាតិ និងស្តង់ដារ អន្តរជាតិ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះ ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ បានបញ្ជាក់ថា លទ្ធផលអង្កេត កម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ នឹងក្លាយជាមូលដ្ឋានទិន្នន័យសំខាន់ សម្រាប់ការរៀបចំយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងទីផ្សារ ការងារ ព្រមទាំងជួយដល់ការតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើភស្តុតាង និងទិន្នន័យជាក់ស្តែង។
ឯកឧត្តម បានលើកឡើងថា របាយការណ៍លទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ បានបង្ហាញ នូវសូចនាករសំខាន់ៗ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគាំទ្រដល់ការរៀបចំគោលនយោបាយ ការតាម ដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយនានា និងការសម្រេចនានាដោយ ផ្អែកលើភស្តុតាងទិន្នន័យនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ បានអនុវត្តដោយចែកជា ពីរដំណាក់កាលសំខាន់ៗ គឺដំណាក់កាលទី១ ការចុះគូរផែនទី និងការចុះបញ្ជីគ្រួសារ នៅក្នុងមណ្ឌល អង្កេតគំរូ ដែលបានចាប់ផ្តើមអនុវត្ត នៅពាក់កណ្តាលខែសីហា ដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥។ ដំណាក់កាលទី២ អនុវត្តការចុះសម្ភាសន៍ស្រង់ទិន្នន័យនៅចុងខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប្រើប្រាស់ម៉ាស៊ីន Tablet តាមកម្មវិធី Survey Solution ដោយមាន ការធ្វើតេស្តសាកល្បងចុះបញ្ជីគ្រួសារ និងធ្វើការសម្ភាសន៍ សាកល្បងតារាងសំណួរតាមកម្មវិធី Survey Solution នេះចំនួន ៣លើក ដើម្បីកំណត់បញ្ហាប្រឈមបច្ចេកទេស ដែលត្រូវដោះស្រាយទុកជាមុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងដំណើរការអង្កេតទាំងមូល។
អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ ថា ការផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ គឺផ្តល់ជូនអ្នកប្រើប្រាស់នូវ សូចនាករ សំខាន់ៗ ដែលមានដូចជា ភាពមានការងារធ្វើ ភាពអត់ការងារធ្វើ ការចូលរួមក្នុងកម្លាំងពលកម្ម និងសូចនាករសំខាន់ៗផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ អង្កេតកម្លាំងពលកម្ម គឺជាប្រភពទិន្នន័យផ្លូវការដ៏មានសារសំខាន់បំផុតមួយសម្រាប់វាស់វែងស្ថានភាព ទីផ្សារការងាររបស់ប្រទេស។
ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការមានទិន្នន័យដែលមានគុណភាព ទាន់ពេលវេលា និងអាចទុកចិត្តបាន គឺជាមូលដ្ឋាន សម្រាប់ការរៀបចំគោលនយោបាយ ការធ្វើផែនការ និងការតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍជាតិ។
ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ (ដំណាក់កាលទី១) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីគោលដៅរួមគឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដោយអនុវត្តនូវគោលដៅគន្លឹះសំខាន់ៗតាមវិស័យ ដែលមានការចូលរួមធ្វើសកម្មភាពការងារពីគ្រប់តួអង្គពាក់ព័ន្ធទាំងទ្បាយ ដើម្បីបន្តគាំទ្រដល់កិច្ច ដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សម្រាប់រយៈពេលខ្លី មធ្យម និង រយៈវែង ដោយផ្អែកលើការ អនុវត្តគោលការណ៍ “ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី ” ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន គ្រឹះស្ថានសិក្សា អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ឱ្យប្រើប្រាស់លទ្ធផលអង្កេតកម្លាំង ពលកម្មឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ក្នុងការរៀបចំគោលនយោបាយ ការសិក្សាស្រាវជ្រាវ ការវិនិយោគ និងការអភិវឌ្ឍកម្មវិធីនានា ដើម្បីលើកកម្ពស់ផលិតភាពការងារ ការបង្កើតការងារសមរម្យ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕




