ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបង្កើនការយល់ដឹងពីជំងឺអេដស៍ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ នៅតំបន់ការពារធម្មជាតិសត្វក្រៀលបឹងអន្លង់ព្រីង
ខេត្តកំពត ៖ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងាររៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី រួមគ្នាបង្កើនការយល់ដឹង និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងវិស័យបរិស្ថាន» ជូនដល់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិសត្វក្រៀលបឹងអន្លង់ព្រីង។
សិក្ខាសាលានេះ មានវត្តមានចូលរួមអមដោយ ឯកឧត្ដម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម វឹង យ៉ាណាត អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ខឹម សាមី អភិបាលរងស្រុកកំពង់ត្រាច លោក ឆាយ ចាន់ថន អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត ព្រមទាំងតំណាងអង្គការ FAO អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ សរុបចំនួន ៦០នាក់ (ស្ត្រី ២៩នាក់)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
– ផ្សព្វផ្សាយវិធានការបង្ការ ការពារ និងបង្កើនចំណេះដឹងដល់យុវជន គណៈកម្មការ និងសមាជិកសហគមន៍
-ជំរុញការកែច្នៃ និងពង្រីកទីផ្សារផលិតផលសិប្បកម្មសហគមន៍ (ដូចជា កន្ទល កាបូប មួក… ដែលត្បាញចេញពីចចូតនៃរុក្ខជាតិដីសើម) ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក
-ជំរុញសេវាកម្មទេសចរណ៍មើលសត្វស្លាប ជាពិសេស «សត្វក្រៀល» ដែលវត្តមានសត្វក្រៀលចាប់ផ្តើមមានចាប់ពីខែធ្នូ ដល់ខែមិថុនា ហើយខែមករាជាពេលដែលមានវត្តមានសត្វក្រៀលច្រើនជាងគេ។
សកម្មភាពទាំងអស់នេះ មិនត្រឹមតែចូលរួមចំណែកការពារសុខុមាលភាពប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជ្រោមជ្រែង និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋានឱ្យកាន់តែមានចីរភាពផងដែរ៕







