ក្រសួង​បរិស្ថាន​ បេីកសិក្ខាសាលាស្តីពី «ការឆ្លុះបញ្ចាំងស្តីពីការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ»

ភ្នំពេញ​ ៖​ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការឆ្លុះបញ្ចាំងស្តីពីការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក មន្ទីរបរិស្ថានរាជធានីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងបរិស្ថាន ជាច្រើនរូប នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

សិក្ខាសាលាមានគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពការអនុវត្តមុខងារដែលក្រសួងបរិស្ថាន បានផ្ទេរតាមរយៈច្បាប់ អនុក្រឹត្យនានា ជាពិសេសអនុក្រឹត្យលេខ ១៨២ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង, អនុក្រឹត្យលេខ ១៨៣ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធខណ្ឌនៃរាធានីភ្នំពេញ, និងអនុក្រឹត្យលេខ ១៨៤ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ(ខណ្ឌ ក្រុង ស្រុក) និងពង្រឹងការអនុវត្តមុខងារឱ្យទទួលបានជោគជ័យ តាមរយៈការជជែកពិភាក្សាលើបញ្ហាប្រឈម ភាពចន្លោះនិងដំណោះស្រាយក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ស្របជាមួយនឹងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងបរិស្ថានបានផ្ទេរមុខងារចំនួន០៥ និងមុខងាររងចំនួន០៦ និងសកម្មភាពចំនួន២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ៕