ក្រសួងបរិស្ថាន និងដៃគូសហការ ផ្តើមពង្រាយការប្រើប្រាស់ «ថង់សំណាញ់» ជំនួសថង់ប្លាស្ទិក

ភ្នំពេញ៖ បើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលពីថ្ងៃ២១ឧសភា ឆ្នាំ២០២៥ ក្រសួងបានបើកសិក្ខាសាលាប្រកាសផ្សព្វផ្សាយជាផ្លូវការនូវ «ការណែនាំប្រភេទថង់សំណាញ់» ក្រោយការចូលរួមពីលោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ តាមរយៈកិច្ចការងារនេះ ផ្សារបាយ័ន និងសហករណ៍សរីរាង្គខ្មែរ (Khmer Organic) គឺជាផ្សារដំបូងគេដែលបានយល់ព្រមចូលរួមអនុវត្តទម្រង់ថ្មី ដោយដាក់លក់ថង់សំណាញ់សម្រាប់ច្រកបន្លែ និងផ្លែឈើ ជំនួសការច្រកដោយថង់ប្លាស្ទិក។

បន្ទាប់ពីផ្សារបាយ័នព្រមសហការ មន្ត្រីក្រសួងបរិស្ថាន ក៏អំពាវនាវឱ្យមានការផ្លាស់ប្ដូរទម្លាប់ទិញទំនិញនៅផ្សារ ដោយប្រើប្រាស់គោលការណ៍រួមគ្នាមួយចំនួន រួមមាន៖ អ្នកប្រើប្រាស់គួរតែឈប់ប្រើប្លាស្ទិក, អាជីវកម្មគួរតែបញ្ឈប់ជំរុញថង់ប្លាស្ទិកមកលើអ្នកទិញ, និងវិស័យសាធារណៈគួររៀបចំការគ្រប់គ្រងកាកសំណល់ឱ្យកាន់តែមានប្រសិទ្ធភាព។ មន្ត្រីក្រសួង ក៏គូសបញ្ជាក់ថា៖«សូមលើកទឹកចិត្តឱ្យទីផ្សារ ហាង និងអ្នកលក់រាយផ្សេងទៀតចូលរួមចលនានេះ ដើម្បីប្រទេសកម្ពុជា ផ្ទះយើងមានភាពស្អាត និងបៃតង ដោយគ្មានសំណល់ប្លាស្ទិក»។ 

ថង់សំណាញ់មានទំហំតូច ប៉ុន្តែគឺជាជំហានមួយដ៏ចាំបាច់។ ថង់សំណាញ់អាចប្រើបានឡើងវិញច្រើនដង ស្រាល មើលឃើញ ងាយស្រួលយកតាមខ្លួន និងល្អសម្រាប់ការទិញទំនិញប្រចាំថ្ងៃ។ មួយវិញទៀត គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការផ្ដល់វត្ថុជំនួសប្រកបដោយនិរន្តរភាព និងមានទំនួលខុសត្រូវក្នុងការការពារបរិស្ថានកម្ពុជា។ នេះបើតាមក្រសួងបរិស្ថាន៕