ក្រសួងបរិស្ថាន៖ ចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញជាមួយJICA ឆ្ពោះទៅសេដ្ឋកិច្ចចក្រា ព្រមទាំងប្រកាសចែកធុងសំរាមដល់ ៦ ខេត្តគោលដៅ ដើម្បីលើកទឹកចិត្ត និងជំរុញភាពស្អាតនៅកម្ពុជា

នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំ ផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ នឹងពិធីប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦នេះដល់ខេត្តគោលដៅចំនួន ៦ ដែលរួមមានខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម ថវិកា និងជំនួយបច្ចេកទេស ដើម្បីរួមចំណែកអនុវត្ត “ភាពស្អាត” នៅកម្ពុជា។

 ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។

អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការ កសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នាដែរ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានចាត់ទុកការបែងចែកធុងសំរាមនេះជា ការលើកទឹកចិត្ត ដល់រដ្ឋបាលក្រុង និងស្រុក ដើម្បីជំរុញ ភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេស។ ហើយការអនុវត្តនេះទៀតសោត គឺស្របតាម យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ “ភាពស្អាត” “ភាពបៃតង” និង “ចីរភាព”។

 ក្រសួងបរិស្ថានបានប្តេជ្ញាចិត្តថា នឹងបន្តបែងចែកធុងសំរាមនេះឱ្យបានដល់ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ ៕