ក្រសួងធម្មការនិងសាសនា បន្តផ្សព្វផ្សាយកម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” មកដល់លើកទី ៣២៤ ស្មើនឹង១០៩៧ មាតិកាព្រះធម៌

កម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី ៣២៤ ស្មើនឹង១០៩៧ មាតិកាព្រះធម៌ បានប្រារព្ធបើកក្រោមអធិបតីភាព ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តបតាមអនុសាសន៍ណែនាំខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាសាលផ្ការំដួល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។

ឯកឧត្តម ហាក់ ប៊ុនធឿន បានពាំនាំនូវប្រសាសន៍ឯកឧត្តមបណ្ឌិត ចាយ បូរិន មកជម្រាបជូនថា ក្រសួងធម្មការនិងសាសនា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា មានតួនាទីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈសហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ នូវពុទ្ធឱវាទ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់វ័យ ប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម បញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដោយយកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌។

កម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាមានការចូលរួមនិងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេ ចក្តីថ្លៃថ្នូរនៅក្នុងសង្គម
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស
៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម
៥-បង្ការគ្រោះថ្នាក់ចរាចរណ៍
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ
៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព
៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត
៩-ការចិញ្ចឹមកូនបែបវិជ្ជមាន
១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣២៤ ស្មើនឹង១០៩៧ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះបវរសត្ថា ហួរ សារិទ្ធ, ព្រះមហាជយបណ្ឌិត លាង សុវណ្ណ, ព្រះមហាធម្មធរោ ឡុង ចក់ និងមានការនិមន្ត-អញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវត្តីនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕