ក្រសួងធម្មការនិងសាសនា រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥១) ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងក្រមសីលធម៌ រក្សាប្រពៃណីនិងអភិរក្សមរតកវប្បធម៌ខ្មែរ ស្របតាមអនុសាសន៍ណែនាំរាជរដ្ឋាភិបាលកម្ពុជា

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥១ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍លើកឡើងថា ក្រសួងធម្មការនិងសាសនា បានកំពុងបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងក្រមសីលធម៌ រក្សាប្រពៃណីនិងអភិរក្សមរតកវប្បធម៌ខ្មែរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងផ្តើមឡើងវិញពីកម្រិតសូន្យរហូតដល់ល្បាញល្បីអន្តរជាតិ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥១ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២២៧ អង្គ/នាក់ក្នុងនោះព្រះសង្ឃ៣២អង្គ និងស្រ្តី៣នាក់ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញប្រទេសជាតិលើគ្រប់វិស័យ ដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជាជននិងប្រទេសជាតិ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ ក៏ត្រូវបានសង្គ្រោះឱ្យ រស់រានមានជីវិតឡើងវិញ ហើយរដ្ឋាភិបាលបានខិតខំស្ការ និងកសាងប្រទេសជាតិពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យនាពេលបច្ចុប្បន្ន។
ជាក់ស្តែងវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ចនិងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី៥១នាឱកាសនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ក្រោមការយកចិត្តទុក ដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះអាចបើកដំណើរការទៅបាន នេះជាការ ចូលរួមចំណែកកសាងមូលធនមនុស្ស និងលើកកម្ពស់វិស័យវប្បធម៌ និងសាសនា ជាពិសេស គឺជាការចែករំលែកនូវចំណេះដឹង ដើម្បីតម្រង់ទិសអំពីរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យ ផ្សេងៗ។ ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ តាមរយៈនេះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏សំនូមពរ ដល់សិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ មើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ។
ទើបនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៥០រួចមកហើយដោយមានសិក្ខាកាមសរុបចំនួន១៣៦០៦អង្គ/នាក់ និងកំពុងបន្តមកជំនាន់ទី៥១នាឱកាសនេះ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។
ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥១នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕